Chairman
ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតទាំងអស់ដែល បាននិងកំពុងជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយ ជាកន្លែងសិក្សាបាន ទាំងបរិមាណនិងគុណភាព ដើម្បីឲ្យខ្លួនប្រសើរឡើង គ្រួសាររីកចម្រើន និង ប្រទេសជាតិរុងរឿង ស្របតាមទស្សនាទានថា “ការអប់រំល្អ គឺជាកូនសោសម្រាប់ ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ”
ការអប់រំឧត្តមសិក្សាត្រូវបណ្ដុះបណ្ដាលបុគ្គលិកលក្ខណៈពេញលេញ និងជំរុញការស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងសង្គម ដើម្បីឲ្យមានសមត្ថភាពខ្ពស់ទាំងចំណេះដឹង ជំនាញ សីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាពសម្រាប់អភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិ បានកំណត់រួចហើយថា ការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាពឆ្ពោះទៅកាន់ការ បន្ថយជាបណ្ដើរៗ នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត ការអភិវឌ្ឍធនធានមនុស្សត្រូវបាន ចាត់ទុកជាអាទិភាពនៃការអនុវត្តការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល ពិសេសបានក្លាយជាអាទិភាពទី១ នៅក្នុងដំណាក់កាលទី៣ និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃ ប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ, សុខភាពល្អនិង កាយសម្បទារឹងមាំ, តួនាទីស្ត្រីនិងកិច្ចគាំពារសង្គម។ ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងនីតិកាលទី៦ នឹង បន្តផ្តោតលើៈ ១). ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ២). ការបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស; ៣). ការលើកកម្ពស់សេវាសុខភាពសាធារណៈនិងអាហាររូបត្ថម្ភ និង ៤). ការពង្រឹងសមភាព យេនឌ័រនិងការគាំពារសង្គម។ ជាងនេះទៅទៀត ការបង្កើនភាពឆ្លើយតបឲ្យឲ្យ កាន់តែពេញលេញ នៃការអប់រំទៅនឹងទីផ្សារការងារនិងការរស់នៅ តាមរយៈទស្សនាទាន “យុវជន ម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” រៀបចំកម្មវិធីបង្កើតគំនិតសហគ្រិនភាព និងភាសាបរទេស, ពង្រឹងការអប់រំ ផ្នែក STEM ដោយបង្កើតឲ្យមានមជ្ឈមណ្ឌលអប់រំនិងវិទ្យាសាស្ត្រ, បន្តជំរុញកម្មវិធី បំណិនជីវិត ពិសេសកម្មវិធីយុវជននិងភាពជាអ្នកដឹកនាំ, សីលធម៌ និងជីវិតក្នុងការរស់នៅ, ការចូលរួមការងារសង្គមនិងបរិស្ថាន។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានយកចិត្តទុកដាក់ដោយផ្តោតលើការរៀបចំក្របខ័ណ្ឌ កម្មវិធីសិក្សា គោល គ្រប់ជ្រុងជ្រោយរួមទាំងការបញ្ចូល STEM និងវិទ្យាសាស្ត្រសង្គមគន្លឹះៗ សម្រាប់ឧត្តមសិក្សាស្របទៅ នឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ស្តង់ដាតំបន់ និងអន្តរជាតិ, ការពង្រឹងយន្ដការ ការទទួលស្គាល់ គុណភាពឧត្តមសិក្សា, ការបង្កើនចំនួនសាស្ត្រាចារ្យ ប្រកបដោយគុណភាពនៅ ឧត្តមសិក្សា, ការបង្កើនការវិនិយោគ លើឧត្តមសិក្សានិងបង្កើតក្របខ័ណ្ឌគោលនយោបាយជាតិ សំដៅអភិវឌ្ឍន៍មូលនិធិអាហារូបករណ៍ និងឥណទានសម្រាប់និស្សិតនៅ ឧត្តមសិក្សា, ការជំរុញ ការអភិវឌ្ឍ សមត្ថភាពនិងធនធានសម្រាប់ការគាំទ្រការរៀន ការបង្រៀន និងការសិក្សា ស្រាវជ្រាវ ការបង្កើតមូលនិធិសិក្សាស្រាវជ្រាវ និងយន្តការលើកទឹកចិត្តការប្រកួតប្រជែងស្នាដៃ, ព្រមទាំងការ បង្កើតក្របខ័ណ្ឌគោលនយោបាយជាតិ ស្តីពី អភិបាលកិច្ចនិងការគ្រប់គ្រងឧត្តមសិក្សា។
ជាមួយផែនការយុទ្ធសាស្ត្រត្រីកោណនៃការអភិវឌ្ឍសាកលវិទ្យាល័យបៀលប្រាយ មានចក្ខុវិស័យដែល ចង់បានការទទួលស្គាល់ទាំងទាំងកម្រិតជាតិនិងអន្តរជាតិ ក្នុងការបណ្តុះបណ្តាលធនធាននិស្សិតឲ្យបានបញ្ចប់ការ សិក្សាពោរពេញទៅដោយសមត្ថភាព ដែលនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយក្នុងពេលអនាគត និងមានសមត្ថភាពដោះស្រាយបញ្ហាជាច្រើនទៀតទាំងក្នុងបរិបទកម្ពុជា និងអន្តរជាតិ។ អនុវត្តតាមចក្ខុវិស័យខាងលើ សាកលវិទ្យាល័យបៀលប្រាយ មានបេសកកម្មដោយផ្តោតលើៈ ១). ផ្តល់នូវកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ទាំងកម្រិតអប់រំឧត្តមសិក្សានិងកម្រិតបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្តល់នូវកម្មវិធីការងារស្រាវជ្រាវជាច្រើន ដែលផ្តោតលើបញ្ហាអភិរក្សវប្បធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ជាមួយនឹងសហគមន៍អន្តរជាតិ; ២). អភិវឌ្ឍន៍ធនធានមនុស្សដែលមានប្រសិទ្ធភាពនិងមានសមត្ថភាពប្រើគំនិតត្រិះរិះពិចារណា គំនិតច្នៃប្រឌិត និងគំនិតនវានុវត្តន៍ ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍទាំងកម្រិតជាតិនិងសកល និង ៣). បន្តរីកលូតលាស់ ប្រកបដោយឧត្តមភាពនៃការសិក្សាអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍។
ដើម្បីសម្រេចបានតាមចក្ខុវិស័យ និងបេសកកម្មខាងលើសាកលវិទ្យាល័យបៀលប្រាយ មានគោលបំណង ជាយុទ្ធសាស្ត្រដោយផ្តោតលើ ១). រក្សាឲ្យបាននូវវប្បធម៌ និងគំនិតផ្តួចផ្តើម អំពីគុណភាព, ២). ពង្រឹងនិងពង្រីកនូវទំនាក់ទំនងខាងក្រៅ ការផ្សព្វផ្សាយព័ត៌មាន និងប្រតិបត្តិការទីផ្សារឲ្យកាន់តែប្រសើរ និងទូលំទូលាយឡើង, ៣). ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចល្អនិងភាពជាអ្នកដឹកនាំ, ៤). លើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍ ធនធានមនុស្ស, ៥). ពង្រឹងការរៀបចំផែនការស្ថាប័ននិងអប់រំ, ៦). ផ្តល់ការសិក្សា ការបង្រៀន និងស្រាវជ្រាវ ដែលមានប្រសិទ្ធភាព, ៧). ប្តេជ្ញាផ្តល់ឧត្តមភាពនៃការសិក្សាអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍, ៨). ផ្តល់នូវវិសាល ភាពសិក្សា អប់រំកាន់តែទូលំទូលាយ, ៩). ផ្តល់សេវាកម្មអតិថិជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់, ១០). ផ្តល់ សេវាកម្មគាំទ្រផ្សេងៗដល់និស្សិតឲ្យមានប្រសិទ្ធភាព, ១១). ធ្វើទំនើបកម្មសម្ភារៈរូបវ័ន្តនិងធនធានការសិក្សា, ១២). កែលម្អឲ្យប្រសើរឡើង និងលើកកម្ពស់ស្តង់ដា និងការធានាគុណភាពអប់រំផ្ទៃក្នុងទាំងកម្រិតគ្រឹះស្ថានទាំងមូលនិងកម្រិតសិក្សានីមួយៗ។
តាងនាមក្រុមប្រឹក្សាភិបាលខ្ញុំសូមថ្លែងអំណរគុណ ចំពោះអ្នកទាំងអស់គ្នាដែលបាននិងកំពុង ធ្វើការ ជាមួយគិតអំពីនិងជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយ ជាកន្លែងសិក្សាបានទាំង បរិមាណនិងគុណភាព។ សាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនធំជាងគេ មានទីតាំងគោលនៅរាជធានីភ្នំពេញ និងសាខាប្រាំពីរខេត្តទៀត ដែលបាននិងកំពុងផលិតធនធានមនុស្សចំនួន ១០០១៩២នាក់ ក្នុងរយៈពេល ជិត២១ឆ្នាំកន្លងទៅនេះ។
ខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាបុគ្គលិកទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម និងមិនចេះនឿយហត់ ដើម្បីអនាគតដ៏រុងរឿងរបស់កម្ពុជា។ ខ្ញុំក៏ថ្លែងអំណរគុណដល់និស្សិតទាំងអស់ដែលបានខិតខំរៀនសូត្រ ដើម្បីឲ្យខ្លួន ប្រសើរឡើងគ្រួសាររីកចម្រើន និងប្រទេសជាតិមានវិបុលភាព។ ប្រសិនបើយើងមិនខិតខំតស៊ូធ្វើការយ៉ាងស្វិតស្វាញជាមួយគ្នាដោយភាពសុខដុមរមនាទេនោះ សុបិនរបស់យើងមិនអាចក្លាយជាការពិតបានឡើយ។
ដោយសេចក្តីគោរពរាប់អានពីខ្ញុំ
អ៊ីន វីរជាតិ