សាកលវិទ្យាល័យ បៀលប្រាយសៀមរាប ប្រគល់សញ្ញាបត្រដល់និស្សិត កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ ជាន់ខ្ពស់ និងកម្រិត បណ្ឌិតចំនួន ១.៩៣០អង្គ-នាក់ដែលបានបញ្ចប់ការសិក្សា
សៀមរាប៖ ពិធីប្រគល់សញ្ញាបត្រដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ ជាន់ខ្ពស់ និងកម្រិតបណ្ឌិត ចំនួន១.៩៣០អង្គនាក់ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២និងឆ្នាំសិក្សា២០២២-២០២៣កន្លងទៅ នៃសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋគារ សុខាសៀមរាប រីហ្សត ក្នុងខេត្តសៀមរាប ឯកឧត្តមបណ្ឌិត អ៊ុន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ការងារបណ្តុះបណ្តាល គឺជាការវិនិយោគមួយដែលប្រើប្រាស់ថវិកានិងពេលវេលាដ៏ច្រើនហើយមានតែការវិនិយោគទុនលើចំណេះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់បំផុត។ឯកឧត្តម ក៍បានលើកឡើងថា តាមទស្សនាទាន “ការអប់រំ ល្អ គឺជាកូនសោរសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ” រាជរដ្ឋាភិបាលគ្រប់អាណត្តិ ក្រោមការដឹកនាំដ៏ឆ្លាតវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី បានកំណត់រួច ហើយថា ការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយចីរភាពឆ្ពោះទៅកាន់ការកាត់បន្ថយ ជាបណ្តើរៗនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត ការអភិវឌ្ឍធនធានមនុស្សត្រូវ បានចាត់ទុកជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល ពិសេស បានក្លាយជាអាទិភាពទី១ នៅក្នុងដំណាក់កាលទី៣និងទី៤។ ឯកឧត្តមបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគ្រឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដូច្នេះ ធនធានមនុស្សនៅតែជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃ ប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ សុខ ភាពល្អនិងកាយសម្បទារឹងមាំ តួនាទីស្ត្រីនិងកិច្ចគាំពារសង្គម។ ឯកឧត្តម រដ្ឋលេខាធិការ បាន បន្តថា ជាងនេះទៅទៀត ការបង្កើនភាពឆ្លើយតបឲ្យកាន់តែពេញលេញ នៃការអប់រំផ្សារភ្ជាប់ ទៅនឹងទីផ្សារការងារនិងការរស់នៅ តាមរយៈទស្សនាទាន យុវជនម្នាក់មានជំនាញមួយ យ៉ាងតិចប្រចាំជីវិត” រៀបចំកម្មវិធីបង្កើត គំនិតសហគ្រិនភាព និងភាសាបរទេស, ពង្រឹងការ អប់រំ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និង មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា (STEAM) ដោយបង្កើតឲ្យមានមជ្ឈមណ្ឌលអប់រំ និងវិទ្យាសាស្ត្រ, បន្តជំរុញកម្មវិធីបំណិនជីវិត ពិសេស កម្មវិធីយុវជននិងភាពជាអ្នកដឹកនាំ, សីលធម៌និងជីវិតក្នុងការរស់នៅ, ការចូលរួមការងារសង្គម និងបរិស្ថាន។ ឯកឧត្តមបន្តថា បុរេលក្ខខណ្ឌមួយ ដែលមិនអាចខ្វះបានដើម្បីធានានូវនិរន្តរភាពនិងវឌ្ឍនភាពនៃការងារនេះ គឺការ ថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងប្រជាធិបតេយ្យនីយកម្ម ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ឲ្យយើង អប់រំបណ្តុះបណ្តាលរបស់យើង។ ហើយដែលកំពុងតែផ្តល់ផលជះជាវិជ្ជមានមកលើការងារបណ្តុះបណ្តាលគឺជាការវិនិយោគមួយដែលប្រើប្រាស់ថវិកានិងពេលវេលាដ៏ច្រើននិងមានតែការវិនិយោគទុនលើ ចំណេះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់បំផុត ហើយវាក៏ ជាកត្តាគន្លឹះដ៏សំខាន់មួយដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារបច្ចុប្បន្ន ក្នុងគោល ដៅធានាជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងពិភពលោកមួយដែលបាននឹង កំពុងឈានឆ្ពោះទៅរកសកលភាវូបនីយកម្មនិងសេដ្ឋកិច្ច-សង្គមឌីជីថល។ ការងារបណ្តុះ បណ្តាលក៏មានន័យថា ជាការវិនិយោគដើម្បីប្រសិទ្ធភាពការងារបច្ចុប្បន្ន និងការត្រៀមបម្រុង សម្រាប់អនាគតដែលត្រូវឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារឈានឆ្ពោះទៅរកការកសាង បាននូវមូលធនបញ្ញាមួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ លោកឌៀប សីហា សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាបបានឱ្យដឹងថាក្នុងរយៈពេលជាង ២២ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបៀលប្រាយ បាននិងកំពុងបន្ត បំពេញបេសកកម្ម ក្នុងការពង្រីកវិសាលភាពនៃសេវាអប់រំឧត្តមសិក្សា ឲ្យបានទូលំទូលាយដល់អ្នក សិក្សាស្រាវជ្រាវគ្រប់កម្រិតទាំងអស់ ជាពិសេសនៅតាមសាខារាជធានីខេត្តដូចបានគោរពជម្រាប ជូនខាងលើ ដោយយកចិត្តទុកដាក់ជាអាទិភាព ទៅលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ ដើម្បីធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិត ត្រូវតែមានចំណេះដឹង គុណភាព សមត្ថភាព ជំនាញ និង គំនិតច្នៃប្រឌិត ប្រកបដោយការត្រិះរិះពិចារណា, និង មានភាព ជាអ្នកដឹកនាំ ដែលអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ។ លោក ឌៀប សីហា បានបន្តថា បន្ថែមពីលើការរៀននិងបង្រៀនក្នុងថ្នាក់ សាកលវិទ្យាល័យ ក៏បាន ពង្រីកវិសាលភាពបច្ចេក វិទ្យាបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រនិក យ៉ាងទូលំទូលាយ ក្នុងទិសដៅ ឱ្យសាស្ត្រាចារ្យនិង និស្សិតទាំងអស់ នៅតែបន្តការបង្រៀននិងរៀនតាមពេលវេលា និង កម្មវិធីសិក្សានីមួយៗដោយមិន មានការអាក់ខាននិងរាំងស្ទះឡើយ ។ សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាប ថា បើយោងតាមការស្ទង់មតិ បានឱ្យដឹងថា និស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររងនិង បរិញ្ញាបត្រដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ អ្នកមានការងារធ្វើ ស្មើនឹង ៨៩% ក្នុងនោះ ការងារត្រូវជំនាញសិក្សា ស្មើ ៨៨.០៥ %, ការងារមិនត្រូវជំនាញសិក្សា ស្មើ ១០,៩៥%, ក្នុងនោះ អ្នកមានការងារធ្វើនៅតាមក្រសួង-ស្ថាប័នរដ្ឋ ចំនួន ២៣.០៨% អង្គការមិនមែនរដ្ឋាភិបាលចំនួន ៦.៨៣% គ្រឹះស្ថានឯកជនចំនួន ៤៧.៨៤% និងការងារជាអាជីវកម្មផ្ទាល់ខ្លួនស្មើ ១៣,៣៤ % និង ផ្សេងៗ ៨.៨១%ផងដែរ៕
ប្រភពពី: http://tareach.com/