សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ បៀលប្រាយ ជាង ៤ពាន់នាក់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួន ៩៤២ នាក់ បរិញ្ញាបត្រ ចំនួន ៣.៣៦៤ នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥៥ នាក់ និងថ្នាក់បណ្ឌិត ចំនួន ៥ នាក់ សរុបចំនួន ៤.៥៦៦ នាក់ នារី ២.០៣២ នាក់ ដែលបានបញ្ចប់ការសិក្សានៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន ២.៣៤៣នាក់ សាខាខេត្តតាកែវ ចំនួន ១.០១៣នាក់ សាខាខេត្តស្ទឹងត្រែង ចំនួន ៥៧២នាក់ និង សាខាខេត្តរតនគិរី ចំនួន ៦៣៨នាក់ (ក្នុងនោះនិស្សិតជាជនជាតិដើមភាគតិចចំនួន ៤៦នាក់)។
ថ្មីៗនេះនិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិតសរុបចំនួន ១១.៤៦០នាក់ ដែលក្នុងនោះនិស្សិតចំនួន ៦.៨៩៤នាក់ ទើបតែបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររួចមកហើយ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល ដែលបានប្រារព្ធធ្វើឡើងនៅសាខាខេត្តសៀមរាបចំនួន ២.៩០៩នាក់ សាខាខេត្តបន្ទាយមានជ័យចំនួន ៦៣៥នាក់ សាខាខេត្តបាត់ដំបង ចំនួន ២.២១៤ នាក់ និង សាខាខេត្តព្រះសីហនុ ចំនួន ១.១៣៦នាក់
គិតមកដល់ឆ្នាំសិក្សា ២០២២-២០២៣ នេះ សាកលវិទ្យាល័យបៀលប្រាយ បាននិងកំពុង បណ្តុះបណ្តាលនិស្សិតសរុប ចំនួន ១១២.៤៩៤ នាក់ នារី ៤៣.១៧០ នាក់ ក្នុងនោះ និស្សិតដែលបានបញ្ចប់ការសិក្សា (គិតទាំងនិស្សិតជ័យលាភីទាំង ៤.៥៦៦នាក់ នេះផង) សរុបចំនួន ៨៨.០៩៤នាក់ នារី ៣០.៩៧០ នាក់ និងនិស្សិតកំពុងសិក្សាសរុបចំនួន ២៤.៤០០ នាក់ នារី ១២.២០០ នាក់ ។
បច្ចុប្បន្ន សាកលវិទ្យាល័យ មានទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១ និង សាខាតាមខេត្ត ចំនួន ៨ផ្សេងទៀត រួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តរតនគីរី ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និង ខេត្តត្បូងឃ្មុំ, និងមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និង សាស្រ្តាចារ្យ សរុបចំនួន ១.១៣១ នាក់ ( នារី ២០០ នាក់ )។
ក្នុងរយៈពេលជាង ២២ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបៀលប្រាយ បាន និងកំពុងបន្តបំពេញបេសកកម្ម ក្នុងការពង្រីកវិសាលភាពនៃសេវាអប់រំឧត្តមសិក្សា ឲ្យបានទូលំទូលាយដល់អ្នកសិក្សាស្រាវជ្រាវគ្រប់កម្រិតទាំងអស់ ជាពិសេសនៅតាមសាខារាជធានីខេត្តដូចបានគោរពជម្រាបជូនខាងលើ ដោយយកចិត្តទុកដាក់ជាអាទិភាព ទៅលើការពង្រឹងគុណភាពនៃការបណ្តុះ បណ្តាល សិក្សាស្រាវជ្រាវ ដើម្បីធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិត ត្រូវតែមានចំណេះដឹង គុណភាព សមត្ថភាព ជំនាញ និង គំនិតច្នៃប្រឌិត ប្រកបដោយការត្រិះរិះពិចារណា, និង មានភាពជាអ្នកដឹកនាំ ដែលអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ។ កន្លងមកនេះ បើទោះបីជាសាកលវិទ្យាល័យបានប្រឈមនឹងស្ថាន ការណ៍រាតត្បាតជំងឺកូវីដ-១៩ ក្រុមប្រឹក្សាភិបាល ក៏ដូចជា គណៈគ្រប់គ្រងសាកលវិទ្យាល័យ បាន ពង្រីកវិសាលភាពបច្ចេកវិទ្យាបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិក យ៉ាងទូលំទូលាយក្នុងទិសដៅ ឱ្យសាស្រ្តាចារ្យនិងនិស្សិតទាំងអស់ នៅតែបន្តការបង្រៀននិងរៀនតាមពេលវេលា និង កម្មវិធីសិក្សានីមួយៗដោយមិនមានការអាក់ខាននិងរាំងស្ទះឡើយ៕
Cr: dap-news.com