សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំសិក្ខាសាលាស្តីពី "វិសាលភាពនៃការជួញដូរឧបករណ៍និស្សន្ទក្នុងព្រះរាជាណាចក្រកម្ពុជា"
នៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ខែឧសភា ឆ្នាំ២០២២ សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំសិក្ខាសាលាស្តីពី "វិសាលភាពនៃការ ជួញដូរឧបករណ៍ និស្សន្ទក្នុងព្រះរាជាណាចក្រកម្ពុជា" ដល់និស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ។
គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគដល់និស្សិតទាំងអស់ដែលជាធនធានស្នូលក្នុងការអភិវឌ្ឍសង្គម។ វាគ្មិនកិត្តិយស លោក នាយក បានធ្វើបទបង្ហាញដើម្បីឱ្យសិក្ខាកាមងាយយល់និងទទួលបានចំណេះដឹងអំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ «ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»។
សូមជូនពរឲ្យ លោក នាយក ព្រមទាំងសហការីទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេច ជោគជ័យគ្រប់ភារកិច្ចទាំងអស់។