អបអរសាទរ "ទិវាជាតិអំណាន" លើកទី៥

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំ ទិវាអំណាន លើកទី ៥ ត្រូវ រៀបចំធ្វើឡើងក្នុងគោលដៅពង្រឹងឡើងវិញ នូវវប្បធម៌ អំណាន ដើម្បីលើកកម្ពស់ អក្សរសាស្រ្តខ្មែរ និង ពិសេស ជំរុញឲ្យប្រជាជនកម្ពុជា ចាប់យកសេចក្ដីស្រឡាញ់ ការអាន បន្ថែមទៀត។

ថ្វីត្បិតតែទិវានេះក្នុង ១ឆ្នាំ មានតែ១ថ្ងៃ ក៏ពិតមែនតែវាក៏ជា ឱកាសដែលអាចជំរុញឱ្យប្រជាជន បណ្តុះទំលាប់ស្វែងយល់ និងចាប់យកសេចក្តីស្រឡាញ់នៃការអានបានមួយចំណែក ដែរ។

នៅក្នុងទិវាអំណាននេះ មានការចូលរួមពីក្រុមហ៊ុនមួយចំនួន កម្មវិធីក៏បានជួបជាមួយ វាគ្មិនល្បីៗ ដែលអញ្ជើញមកធ្វើ បាឋកថាទាក់ទងទៅនឹងភាពជោគជ័យក្នុងជីវិតតាម រយៈការ អានព្រមទាំងកម្មវិធីផ្សេងៗទៀតរួមមាន:
1- ពិព័រណ៍សៀវភៅ
2- ពិព័រណ៍ការងារខ្លះ
3- ពិព័រណ៍សេវាកម្មនិងផលិតផលខ្លះ
4- បទបង្ហាញពីសារសំខាន់នៃការអាន
5- ចែកសៀវភៅ Free
6- ចែក Pizza Free
7- ចែកផលិតផល Preme Free

អំណាន នាំមកនូវពុទ្ធិខ្ពង់ខ្ពស់ និងសីលធម៌ល្អ។ អំណាន អាចនាំឲ្យយើងចាកឆ្ងាយពីអំណាចអញនិយម និងអគុណធម៌។ អំណាន នាំឲ្យស្គាល់នូវតម្លៃគុណជាតិ (សីល សមាធិ បញ្ញា) និងសាមគ្គីជាតិ។ ប្រជាជាតិខ្មែរ ត្រូវចេះអាន ត្រូវចេះគិត និងត្រូវចេះពិចារណា ដើម្បីសុខុមាលភាពការអប់រំជាតិរបស់យើងទទួលបានប្រសិទ្ធភាពខ្ពស់។ ចូរយើងនាំគ្នាអានសៀវភៅ កុំរង់ចាំគេបង្ខំឲ្យយើងអានសៀវភៅឲ្យសោះ។ ទាល់តែយើងអាន ទើបយើងចេះ ទើបយើងយល់ និងយើងអាចធ្វើបាន។ អំណាន គ្មានថ្ងៃបញ្ចប់ ហើយយើងត្រូវបញ្ចប់ការអាន ត្រឹមថ្ងៃយើងរលត់សង្ខារ។ ការអានដោយការពេញចិត្ត ការអានដោយយកចិត្តទុកដាក់ និងការអានដោយស្មារតីចង់ចេះ ចង់ដឹង និងដើម្បីជោគជ័យ ទើបជាអ្នកអានពិតប្រាកដ។ យើងកាន់តែអាន នាំឲ្យជីវិតយើងកាន់តែជោគជ័យ។

អត្ថបទខាងក្រោមនេះ ជាគតិគំនិតខ្លះៗ សម្រាប់ចែកជូនបងប្អូន និងប្រិយ៍មិត្តអ្នកចូលចិត្តអានសៀវភៅទាំងអស់នៅក្នុងបណ្ដាញសង្គម ក្នុងថ្ងៃនេះ ទិវាជាតិអំណាន លើកទី៥ នៅក្រោមប្រធានបទដែលមានចំណងជើងថា៖ ✓សំយោគយកគតិបណ្ឌិតចេញពីការអានសៀវភៅ

#សំយោគយកគតិបណ្ឌិតចេញពីការអានសៀវភៅ

សៀវភៅ គឺជាវត្ថុធាតុដើមនៃចំណេះដឹង។ អាកប្បកិរិយា និងផ្នត់គំនិតរបស់មនុស្ស គឺជាសង្វាក់ផលិតកម្មនៅក្នុងការផលិត ឬការចម្រាញ់យកចំណេះវិជ្ជា។ ចំណេះដឹង ឬចំណេះវិជ្ជា គឺជាផលិតផលសម្រេច ក្រោយពីចំណាយពេលអានសៀវភៅច្រើន។ យើងប្រើចំណេះវិជ្ជា សម្រាប់យកទៅបំពេញចន្លោះខ្វះខាត និងបម្រើដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងមនុស្សជាតិ។ ការធ្វើអំណានរាល់ថ្ងៃ នាំឲ្យយើងកើនឡើងនូវចំណេះដឹងរាល់ថ្ងៃ ហើយការមានចំណេះដឹងច្រើន នាំឲ្យចម្រើនដល់សុខុមាលភាពសង្គម និងគ្រួសាររបស់យើង ប្រកបដោយគុណប្រយោជន៍ និងសុភមង្គលល្អ។

មនុស្សរស់នៅត្រូវការតំរិះ ដូច្នេះយើងត្រូវប្រើប្រាស់ចំណេះវិជ្ជាធ្វើជាយាន្តជំនិះសម្រាប់ចម្លងស្ថានការណ៍ជីវិតប្រចាំថ្ងៃឲ្យបានគាប់ប្រសើរ ដោយធ្វើការកែឆ្នៃប្រកបដោយគំនិតថ្មីៗ និងចេះឆ្នៃប្រឌិតខ្ពស់ ដើម្បីដឹកនាំនាវាជីវិតរបស់យើងឲ្យជួបលាភសំណាង ច្រើនជាងជួបគ្រោះហានិភ័យ និងមានការកើនឡើងនូវមិត្តភ័ក្រ ប្រសើរជាងការកើនឡើងនូវសត្រូវ។ ប្រសិនបើមនុស្សយើងរស់នៅដោយគ្មានការអប់រំ និងគ្មានចំណេះដឹងនៅក្នុងខ្លួន គឺមិនខុសពីការរស់នៅដោយបណ្ដោយខ្លួន ឬ ជីវិតរស់នៅតាមយថាកម្ម ដូចសព្វអស់សត្វដែលគ្មានគំនិតយ៉ាងដូច្នោះដែរ។

មនុស្សយើងកើតមក គឺតែងតែមានជោគវាសនាមិនដូចគ្នា នេះគឺជាការពិត។ តែយើងត្រូវគិតក្នុងផ្លូវវិជ្ជមានមួយទៀត ដោយក្រឡេកមើលទៅប្រវត្តិសាស្ត្ររបស់មនុស្សជាតិ បង្ហាញឲ្យយើងឃើញថា មនុស្សមានឱកាសរស់រាន និងទទួលបានការអភិវឌ្ឍផ្នត់គំនិតដូចៗគ្នា។ ការដែលយើងមិនព្រមព្យាយាមអានសៀវភៅ គឺជាការព្យាយាមសម្លាប់អនាគតរបស់ខ្លួនឯង។ ចូរយើងក្រឡេកមើលមេដឹកនាំល្បីៗលើសាកលលោកភាគច្រើន តើពួកគាត់ភាគច្រើន កើតមកពីវង្សត្រកូលជំពូកណា? ភាគច្រើននៃជនល្បីៗ និងពូកែៗក្នុងលោក មិនមែនសុទ្ធតែជាកូនចៅជំនាន់ក្រោយៗ របស់ត្រកូលអភិជនទាំងអស់នោះទេ។

ការដែលយើងកើតមកហើយគ្មានចំណេះដឹង គឺវាមិនមែនជាកំហុសរបស់យើងទេ តើបើយើងស្លាប់ទៅវិញដោយគ្មានការរីកចម្រើនផ្នែកចំណេះវិជ្ជានៅក្នុងខ្លួន វាជាកំហុសដ៏ធំ និងធ្ងន់ធ្ងរបំផុតក្នុងមួយជីវិតរបស់យើង។ បើយើងមានជោគវាសនា បានកើតមកជាមនុស្សហើយ ចូរយើងកុំបណ្ដោយខ្លួនរបស់យើងឲ្យរស់នៅជាមួយភាពអវិជ្ជាអស់មួយជីវិតឲ្យសោះ។ យើងចាំបាច់ត្រូវតែធ្វើការផ្លាស់ប្ដូរនូវជោគវាសនារបស់យើង តាមរយៈការវិនិយោគលើការអានសៀវភៅឲ្យបានច្រើន និងត្រូវអានសៀវភៅឲ្យបានជាប់ជាប្រចាំ។ យើងអានសៀវភៅ ដើម្បីស្រូបយកជីវជាតិនៃការចេះដឹង ដើម្បីបំប៉នដល់ការលូតលាស់ផ្នែកផ្នត់គំនិតនៃខួរក្បាលរបស់យើង ពោលគឺធ្វើដូចគ្នាទៅនិងរុក្ខជាតិ ដែលខិតខំប្រឹងសំយោគជីវជាតិពីក្នុងដី ដើម្បីបំប៉នការលូតលាស់របស់ខ្លួនឲ្យឆាប់ធំធាត់ និងឆាប់ទទួលបានផ្លែផ្កាមកវិញយ៉ាងដូច្នោះដែរ។

ការធ្វើអំណានជាប្រចាំ ជាកត្តាលិករ រុញច្រានវាសនារបស់យើងឲ្យខ្ពស់ឡើង។ អំណាន អាចធ្វើឲ្យយើងរស់រានប្រកបដោយគតិគំនិត និងជៀសផុតពីសេចក្ដីភ័យខ្លាច ហើយវាអាចធ្វើឲ្យខ្លួនយើងរិតតែមានការជឿជាក់លើខ្លួនឯងរឹងមាំឡើង។ ការដែលយើងមិនមាននូវចំណេះដឹងក្នុងខ្លួនសោះ ធ្វើឲ្យជីវិតរស់នៅរបស់យើង នៅជាប់តែជាមួយនិងការភ័យខ្លាចគ្រប់ពេល។ សូមកុំបណ្ដោយផលប្រយោជន៍ពីក្រុមមនុស្សអវិជ្ជា សម្រាប់បម្រើដល់ផលប្រយោជន៍ខ្លួនពួកគេ គ្រួសារពួកគេ និងបក្ខពួកគេឲ្យសោះ។ មនុស្សមានចំណេះដឹង អាចបំភ្លឺសង្គមជាតិឲ្យមានយុត្តិធម៌សង្គម និងយុត្តិធម៌សេដ្ឋកិច្ចពិតប្រាកដ ដើម្បីជាប្រយោជន៍ដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់គ្នា។

នេះទស្សនៈមួយចំនួនដូចខាងក្រោមនេះ៖
១. អានសៀវភៅ ដើម្បីរំដោះខ្លួនចេញពីពិភពអវិជ្ជា។

២. បើយើងអត់អានសៀវភៅសោះ យើងក៏អត់ចេះសោះដែរ តែបើអានសៀវភៅបានតិច យើងដឹងក៏តិច យល់ក៏តិច ចេះក៏តិច និងទទួលបានអត្ថប្រយោជន៍ពីអំណានក៏តិចដែរ។"

៣. ការមិនព្រមអានសៀវភៅ ជាការដាក់ទណ្ឌកម្ម ឬដាក់ច្រវ៉ាក់ខួរក្បាលខ្លួនឯងក្នុងគុគងងឹតឥតជញ្ជាំងអស់មួយជីវិត។"

៤. ចូរកុំអានសៀវភៅ ដើម្បីតែអានឲ្យសោះ យើងត្រូវចេះចម្រោះយកខ្លឹមចេញពីការអានសៀវភៅ ដើម្បីសំយោគយកគតិបណ្ឌិត ល្អៗ មានប្រយោជន៍ យកទៅបម្រើជីវិតឲ្យរស់នៅមានគុណតម្លៃ ប្រកបដោយគំនិតថ្មីអភិវឌ្ឍន៍ និងគំនិតបង្កើតថ្មី ឬគំនិតឆ្នៃប្រឌិតខ្ពស់។

៥. សំយោគយកគតិបណ្ឌិតចេញពីការអានសៀវភៅ។

ជាចុងក្រោយ សាកលវិទ្យាល័យបៀលប្រាយ សូមថ្លែងអំណរគុណដល់ លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវ ភាពជាអ្នកដឹកនាំ និងលោកស្រី គីម តុលអុំ នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Milvik (Cambodia) Micro Insurance Plc ដែលបានចូលរួមសិក្ខាសាលា និងជាវាគ្មិនក្នុងការធ្វើបទបង្ហាញស្តីពី សារៈសំខាន់នៃការអាន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធមួយចំនួនដល់និសិ្សត។

ទិវាអំណាន លើកទី៥នេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអប់រំនិងការអានដើម្បីជំរុញការសិក្សានិងការស្រាវជ្រាវព្រមទាំងបង្កើនចំណេះដឹង ដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ។