ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ
នៅថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យបៀលប្រាយ សាខាបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រី្ត។
ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១១ និងទី១២ កម្រិតបរិញ្ញាបត្រ ជំនាន់ទី៩ និងទី១០ និង កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១១ នៃសាកលវិទ្យាល័យបៀលប្រាយ សាខាបន្ទាយមានជ័យ សរុបចំនួន ៤២១ នាក់ ក្នុងនោះមាន នារីចំនួន ២១០ នាក់ ដែលបានបពា្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា ២០១៧-២០១៨ និង ២០១៨-២០១៩ ។
និស្សិតសរុបចំនួន ៣.៩៦៥ នាក់ (នារី ១.៥៥៤ នាក់) បាននិងកំពុងទទួលការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ក្នុងនោះនិស្សិតចំនួន ២.៩៣៦ នាក់ (នារី ១.០៩៤ នាក់) បានបញ្ចប់ការសិក្សាដោយជោគជ័យគិតទាំងនិស្សិតជ័យលាភីចំនួន ៤២១ នាក់ ដែលត្រូវទទួលសញ្ញាបត្រដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រី្ត។
គិតត្រឹមតែឆ្នាំសិក្សា២០១៨-២០១៩ នេះ និស្សិតកំពុងសិក្សាគ្រប់កម្រិតទាំង ទីតាំងគោលរាជធានីភ្នំពេញ និង សាខាតាមខេត្តរួមមាន៖ សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, រតនគីរី, ព្រះសីហនុ, និង តាកែវ សរុបចំនួន ១៤.៩១០ នាក់ និង ចាប់ពីឆ្នាំសិក្សា២០០០-២០០១ ដល់ឆ្នាំសិក្សា២០១៨-២០១៩ នេះ និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សា សរុបចំនួន ៦៦.៣២០ នាក់ ។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យបៀលប្រាយ មានគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួន ១.០៧២ នាក់ ។ ចំពោះ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ មានគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួន ៨១ នាក់ (នារី ១០ នាក់) ក្នុងនោះគណៈគ្រប់ គ្រង និងបុគ្គលិកមានចំនួន ២០ នាក់ (នារី ៩ នាក់) សាស្រ្តាចារ្យមានចំនួន ៦១ នាក់ (នារី ១ នាក់) ។
សាកលវិទ្យាល័យបៀលប្រាយ កំពុងបន្តអនុវត្តក្នុងដំណាក់កាលទីបី នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍ៍សាកលវិទ្យាល័យ (២០១៦-២០៣០) គឺភាពជោគជ័យរបស់និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សាចេញពីសាកលវិទ្យាល័យ ត្រូវតែមានដំណេះដឹង សមត្ថភាពជំនាញ និងគំនិតច្នៃប្រឌិតប្រកបដោយការត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ និង អាចដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ។ ក្នុងន័យនេះ កម្មវិធីសិក្សាគ្រប់កម្រិតត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ ដោយគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា និង ក្រុមប្រឹក្សាវិទ្យាសាស្រ្តសាកលវិទ្យាល័យ ដើម្បីធានាសង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ ស្តង់ដាជាតិ សម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា និង គុណភាពនៃលទ្ធផលសិក្សារបស់និស្សិត ឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារ និង មុខរបរអាជីវកម្មជាច្រើនទៀត។
សាកលវិទ្យាល័យបន្តអនុវត្តតាមច្បាប់ស្តីពីការអប់រំ ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ស្តង់ដាជាតិនៃការធានាគុណភាពអប់រំ និងគោលការណ៍ផ្សេងៗទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា បន្ដយន្ដការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង ដោយបានចូលរួមក្នុងដំណើរការវាយម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សារបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដែលបានដំណើរការវាយតម្លៃសាកល្បងកាលពីចុងឆ្នាំ២០១៥ និង ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ។ លទ្ធផលនៃការវាយតម្លៃសាកល្បងនេះ បានឆ្លុះបញ្ចាំងពីសមិទ្ធិផលដែលសាកលវិទ្យាល័យបៀលប្រាយសម្រេច បាន គឺអនុវត្តឆ្លើយតបនឹងសូចនាករធានាគុណភាពទាំងអស់នៃស្តង់ដាជាតិទាំងប្រាំបួន។ សាកលវិទ្យាល័យក៏កំពុងត្រៀមខ្លួនចូលរួមដំណើរការវាយតម្លៃទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សាពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ក្នុងឆ្នាំ ២០២០ ខាងមុខនេះផងដែរ។
ជាមួយគ្នានេះ សាកលវិទ្យាល័យ បាន និង កំពុងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើសកម្មភាពសិក្សាស្រាវជ្រាវ និង បណ្តុះបណ្តាលជាមួយស្ថាប័នជាតិ និង ស្ថាប័នអន្តរជាតិជាច្រើននៃបណ្តាប្រទេសក្នុងតំបន់អាស៊ី អាស៊ីប៉ាស៊ីភិច អាមេរិច អឺរ៉ុប និងមជ្ឈឹមបូពាណ៌ ក្នុងកិច្ចសហប្រតិបត្តិការលើសកម្មភាពស្រាវជ្រាវ ទំនាក់ទំនងព័ត៌មាន សិក្ខាសាលា សន្និសីទ ទស្សនកិច្ចការងារ ការសិក្សា និង សកម្មភាពវប្បធម៌ និង កីឡា។ល។