សាកលវិទ្យាល័យបៀលបា្រយ រាជធានីភ្នំពេញ បានសហការជាមួយ អំណានយុវជន ស្តីអំពី វេទិកា ជំនួបអ្នកអាន (អំណានជាអំណាច) លើកទី៣
នៅថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលបា្រយ រាជធានីភ្នំពេញ បានសហការជាមួយ អំណានយុវជន ស្តីអំពី វេទិកា ជំនួបអ្នកអាន (អំណានជាអំណាច) លើកទី៣ ក្រោមប្រធានបទ ការអាន ការសរសេរ បទពិសោធជីវិត។
អំណាន គឺជាអំណាច ការអាន គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតចំពោះយុវជន ក្នុងការពិចារណាមើលខ្លួនឯងឱ្យសព្វគ្រប់ និងចេះរស់ប្រកបដោយទំនួលខុសត្រូវខ្ពស់។ កាលណាយុវជនថ្នឹកដៃជាមួយនឹងការអានហើយ ឬនិយាយម្យ៉ាងទៀតថា “ជាអ្នកស្ម័គ្រស្មោះស្រឡាញ់ការអាន គឺយុវជនមួយរូបនេះនឹងអាចរីកចម្រើនរហ័សជាងយុវជនដទៃទៀត ឬមានផ្នត់គំនិតល្អប្រសើរជាងយុវជនដែលពុំស្រវាកាន់សៀវភៅប្រឹងប្រឹងអានទាស់តែសោះ។ អ្នកខ្លះអានដែរ តែអានមិនចំផ្លូវត្រូវ។ រីឯអ្នកខ្លះទៀតព្យាយាមអានដែរ ប៉ុន្តែពុំអាចបន្សុទ្ធចំណេះដឹងចេញពីសៀវភៅមួយបាន។ តើបណ្ដាលមកពីមូលហេតុអ្វី? អ្នកដែលពូកែអាន គឺជាអ្នកដែលមានគន្លឹះអានត្រឹមត្រូវ ស្របតាមតម្រូវការជាក់ស្ដែង តែពុំមែនតែដើម្បីតណ្ហានោះទេ។ អ្នកដែលមានគន្លឹះអានខ្លាំងពូកែ គឺអ្នកនោះក៏អាចស្គាល់ពីចរិតអ្នកសរសេរច្បាស់ផងដែរ។ និយាយរួមអ្នកអាន គឺជាអ្នកគិត។
បើចង់ចេះអាន ត្រូវដឹងអំពីវិធីសាស្ត្រក្នុងការអានជាមុនសិន។ ងាកមកកាន់ជុំរំអ្នកអាន និងស្មេរនៅខេត្តសៀមរាបវិញម្ដង។ បុព្វហេតុព្រោះតែស្រឡាញ់ការអាន ការចែករំលែកចំពោះយុវជនដូចគ្នា ទើបមានយុវជនមួយក្រុមបានប្រមូលផ្ដុំគ្នាបង្កើត ជុំរំអ្នកអានមួយនៅខេត្តសៀមរាប ដែលមានឈ្នោះថា “អំណានយុវជន”។ “អំណានយុវជន” បានបង្កើតឡើងដើម្បីជំរុញការគិត និងបណ្ដុះទម្លាប់អានដល់យុវជន ដោយគិតមកទល់ពេលនេះគឺមានរយៈពេល ៤ឆ្នាំគត់។ អំឡុងពេលនេះ ក្រុមការងារ “អំណានយុវជន” ក៏បានសហការជាមួយសាកលវិទ្យាបៀលប្រាយរៀបចំវេទិកា “ជំនួបអ្នកអាន” ដើម្បីលើកកម្ពស់ការអានឱ្យកាន់តែប្រសើរឡើង។ តំណាងក្រុមការងារម្នាក់ គឺ លោក ឡាំ ឡាយ បានប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជាជា” ថា “ពួកយើងយកលទ្ធផលជាធំ តែពុំមែនជាយកសកម្មភាពជាធំទេ ដ្បិតការងារខ្លះ យើងត្រូវប្រឹងធ្វើជាក់ស្តែង តម្រង់យកប្រសិទ្ធិភាព និងលទ្ធផលជាផ្លែផ្កា តែពុំមែនប្រឹងធ្វើការយកមុខមាត់ទេ។ យុវជនមួយចំនួនតូច ពុំយល់អំពីរបៀបធ្វើការពិត និងរបៀបធ្វើការយកមុខ។
គួរបញ្ជាក់ថា ក្រុមការងារ “អំណានយុវជន” បានរៀបចំកម្មវិធី “ជំនួបអ្នកអាន” ដើម្បីតបតាមតម្រូវការចាំបាច់របស់យុវជនក្នុងគោលបំណងផ្ញើសារជូនមហាជន ជាពិសេសយុវជនថា “តើត្រូវអានសៀវភៅបែបណា? តើត្រូវធ្វើបែបណាដើម្បីក្លាយជាអ្នកសរសេរពូកែម្នាក់?” កន្លងមកកម្មវិធី “ជំនួបអ្នកអាន” បានរៀបចំលើកទី១ លើទឹកដីខេត្តសៀមរាប និងលើកទី២ នៅលើខេត្តបាត់ដំបង។ ជាក់ស្ដែងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ, កម្មវិធី “ជំនួបអ្នកអាន” លើកទី៣ នឹងមានវត្តមានលើកទឹកដីភ្នំពេញជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកនិពន្ធ និងយុវនិពន្ធចំនួន៤រូប ក្រោមប្រធានបទ “ការអាន ការសរសេរ និងបទពិសោធជីវិត”។ វាគ្មិនកិត្តិយសទី១ គឺកញ្ញា ថុន ថាវរី ម្ចាស់ស្នាដៃសៀវភៅ “នារីប្រពៃ និងកាពីទែនជីវិត (១ &២)”។ វាគ្មិនទី២ គឺលោក ឡាំ លីម ម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣២៦ថ្ងៃ, ប្រតិទិនទស្សនៈ ២២២ថ្ងៃ និង អំណានជាអំណាច” ។ វាគ្មិនទី៣ គឺកញ្ញា សែត ហត្ថា ម្ចាស់ស្នាដៃសៀវភៅ “វិញ្ញសាជីវិត, កាដូជីវិត និង ខ្យល់ដង្ហើម”។ វាគ្មិនទី៤ គឺអ្នកនិពន្ធ កែវ សេងរដ្ឋា ម្ចាស់ស្នាដៃសៀវភៅ “សំឡេងខ្សឹប” ដោយមានលោក ឡាំ ឡាយ ម្ចាស់ស្នាដៃសៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ” ជាអ្នករៀបចំនិងអ្នកសម្របសម្រួលកម្មវិធីដ៏ដ៏មានសារៈសំខាន់នេះ។