ដំណើរទស្សនកិច្ចសិក្សានៅធនាគារសាខមប៊ែង សាខាសៀមរាប របស់និស្សិតមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច នៅថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០
នៅថ្ងៃអង្គារ៍ ១១ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៨:៥០ នាទីព្រឹក លោក ឈាង ម៉េងហ៊ុន សាស្រ្តាចារ្យហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច បានដឹកនាំនិស្សិតមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ជំនាញធនាគារនិងហិរញ្ញវត្ថុ ក្រុមយប់ D2 បន្ទប់ E-104 កំពុង សិក្សាឆ្នាំទី៣ ឆមាសទី២ ចំនួន ៥ នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅធនាគារសាខមប៊ែង សាខាសៀមរាប។
កម្មវិធី
៨:៥០ : និស្សិតជួបជុំគ្នានៅមុខធនាគារសាខមប៊ែង សាខាសៀមរាប (ផ្លូវជាតិលេខ៦)
៨:៥០ - ៩:០០ : បទបង្ហាញរបស់លោក ខៀក ចាន់ដែន ប្រធានសាខាធនាគារសាខមប៊ែង
៩:០០ - ៩:៣០ : បទបង្ហាញរបស់មន្ត្រីផ្នែកទីផ្សារនៃធនាគារសាខមប៊ែង សាខាសៀមរាប
៩:៣០- ១០:០០ : បទបង្ហាញរបស់មន្ត្រីផ្នែកទំនាក់ទំនងអតិថិជននៃធនាគារសាខមប៊ែង សាខាសៀមរាប
១០:០០- ១០:៣០ : បទបង្ហាញរបស់មន្ត្រីផ្នែកប្រតិបត្តិការនៃធនាគារសាខមប៊ែង សាខាសៀមរាប
១០:៣០- ១០:៣៥ : ការប្រកាសសេចក្តីថ្លែងអំណរគុណដោយលោក ឈាង ម៉េងហ៊ុន និងការថតរូប អនុស្សាវរីយ៍ជុំគ្នា។
សមាសភាពចូលរួម
- លោក ឈាង ម៉េងហ៊ុន សាស្រ្តាចារ្យមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
- និស្សិតមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចចំនួន ៥ នាក់
គោលបំណង
- ស្វែងយល់អំពីប្រព័ន្ធការងារនៅក្នុងវិស័យធនាគារ
- ស្វែងយល់អំពីការគ្រប់គ្រងប្រតិបត្តិការធនាគារ
- ស្វែងយល់អំពីផលិតផលនិងសេវារបស់ធនាគារពាណិជ្ជនៅកម្ពុជា
- ប្រៀបធៀបរវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងផ្ទាល់
កម្មវិធីដំណើរទស្សនកិច្ចសិក្សា
លោក ឈាង ម៉េងហ៊ុន និងនិស្សិតបានទៅដល់ធនាគារ សាខមប៊ែង សាខាសៀមរាប នៅវេលាម៉ោង ៨:៥០នាទី ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ខៀក ចាន់ដែន ប្រធានធនាគារសាខមប៊ែង សាខាសៀមរាប និងសហការីជាច្រើន។
នៅក្នុងជំនួបដំបូងនោះលោក ខៀក ចាន់ដែន បានធ្វើការណែនាំអំពីសាវតារបស់ធនាគារ ក៏ដូចជា រចនាសម្ព័ន្ធការងារនៅក្នុងធនាគារផងដែរ។ បន្ទាប់មកលោកបានអញ្ជើញសាស្រ្តាចារ្យ និងនិស្សិតទាំង ៦ នាក់ ទៅបន្ទប់ផ្នែកទីផ្សារ ដើម្បីស្តាប់ការអធិប្បាយ និងចោទសួរសំណួរផ្សេងៗជាមួយមន្ត្រីផ្នែកទីផ្សាររបស់ធនាគារ។ នៅផ្នែកនេះការអធិប្បាយផ្តោតសំខាន់ទៅលើការងារឥណទាន និងប្រាក់បញ្ញើ។
ក្រុមនិស្សិតបានបញ្ចប់ការពិភាក្សាផ្នែកនេះនៅម៉ោងប្រមាណ ៩:៣០ នាទី បន្ទាប់មកយើងបានត្រឡប់មក ផ្នែកទំនាក់ទំនងអតិថិជន ដើម្បីស្តាប់ការអធិប្បាយបន្តលើសេវាប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ និងការបើកគណនី។ មន្ត្រីផ្នែកទំនាក់ទំនងអតិថិជនបានរៀបរាប់យ៉ាងលម្អិតអំពីប្រភេទផ្សេងៗនៃប័ណ្ណឥណទាន ល័ក្ខខ័ណ្ឌការប្រើប្រាស់ ប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ ប្រភេទគណនី ល័ក្ខខ័ណ្ឌនៃការបើកគណនី និងកម្រៃសេវាផ្សេងៗ។ ក្រុមយើងបាន បញ្ចប់នៅផ្នែកនេះនៅវេលាម៉ោង១០:០០នាទី។
បន្ទាប់មកក្រុមយើងបានជួបជាមួយមន្ត្រីផ្នែកប្រតិបត្តិការ ដើម្បីស្តាប់ការអធិប្បាយអំពីប្រតិបត្តិការប្រចាំថ្ងៃ ក្នុងធនាគារសាខមប៊ែងសាខាសៀមរាប។ ផ្នែកនេះផ្តោតសំខាន់លើការងារទទួលនិងទូទាត់ប្រាក់បញ្ញើ ការផ្ទេរប្រាក់ និងការសងប្រាក់កម្ចីរបស់អតិថិជន ដែលបុគ្គលិកផ្នែកនេះចែកចេញជាធារី (Tellers) និងបេឡា (Cashier)។ ក្រុមយើងបានបញ្ចប់នៅផ្នែកនេះនៅវេលាម៉ោង ១០:៣០នាទី តាមការគ្រោងទុក។
នៅទីបញ្ចប់លោកសាស្រ្តាចារ្យ ឈាង ម៉េងហ៊ុន បានថ្លែងអំណរគុណចំពោះធនាគារសាខមប៊ែង សាខាសៀមរាប ដែលបានផ្តល់ឱកាសឱ្យនិស្សិតយើងបានធ្វើទស្សនកិច្ចសិក្សា និងស្តាប់ការអធិប្បាយយ៉ាងក្បោះ ក្បាយពីវាគ្មិនទាំង ៤ ព្រមទាំងបានអនុញ្ញាតឱ្យនិស្សិតយើងបានចោទសួរនូវសំណួរដ៏មានសារៈសំខាន់មួយចំនួន ផងដែរ។ បន្ទាប់មកពួក យើងបានជូនលិខិតថ្លែងអំណរគុណរបស់សាខាសាកលវិទ្យាល័យបៀលប្រាយចំពោះ ធនាគារសាខមប៊ែង ដែលមានលោកប្រធាន ខៀក ចាន់ដែន ជាតំណាង ព្រមទាំងថតរូបជុំគ្នាជាអនុស្សាវរីយ៍ ផងដែរ។
ទស្សនកិច្ចសិក្សារបស់និស្សិតបានបញ្ចប់នៅវេលាម៉ោង ១០:៣៥ នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែល ក្រោមបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង។