បាកថាស្តីពី ការរក្សាសុខភាពផ្លូវចិត្ត សំដែងដោយព្រះភិក្ខុ វជិរប្បញោ គូ សុភាព

បាកថាស្តីពី ការរក្សាសុខភាពផ្លូវចិត្ត

សំដែងដោយព្រះភិក្ខុ វជិរប្បញោ គូ សុភាព

            ថ្ងៃ សុក្រ ០៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ឆ្នាំពីរពាន់ដប់ប្រាំបួន ខែ​មករា ​ថ្ងៃទី២៥ វេលាម៉ោង ប្រាំបីព្រឹក  បន្ទប់សាលប្រជុំ អគារ E បានរៀបចំកម្មវិធី បាកថាស្តីពី ការរក្សាសុខភាពផ្លូវចិត្ត សំដែងដោយព្រះភិក្ខុ វជិរប្បញោ គូ សុភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ឹក គឹមស្រឿន នាយកសាខានៃសាកលវិទ្យាល័យបៀលប្រាយ ព្រមទាំងការចូលរួមពីសំណាក់ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក សិស្សនិស្សិត និងលោកយាយ លោកតាទាំងអស់(មានភ្ជាប់ក្នុងបញ្ជីវត្តមាន)។

គោលបំណង

  • ដើម្បីផ្សព្វផ្សាយអោយមនុស្សគ្រប់ស្រទាប់ជាន់ថ្នាក់អោយយល់ពីរបៀបធ្វើសមាធិរំងាប់ចិត្តសង្រួម

អារម្មណ៍កាត់បន្ថយភាពការខឹងក្រោធ។

ខ្លឹមសារនៃអង្គប្រជុំ៖

            ជាកិច្ចចាប់ផ្តើម លោក ម៉ឹក គឹមស្រឿន   នាយកសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាប បានចាប់ផ្តើមបើកកម្មវិធី និងស្វាគមន៍ដល់ ព្រះភិក្ខុ វជិប្បញោ គូ សុភាព សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ជាបន្ត កម្មវិធី គោរពភ្លេងជាតិ និងគោរពភ្លេងសាសនាចំនួន១០នាទី។  ជាបន្ត ព្រះភិក្ខុ វជិប្បញោ គូ សុភាព បានធ្វើការស្វាគមន៍ដល់ ព្រះថេរា នុថេរះគ្រប់ព្រះអង្គ សាស្រ្តាចារ្យ បុគ្គលិក និងប្អូនៗនិស្សិតទាំងអស់ មុននិងកិច្ចចាប់ផ្តើម ព្រះគុណម្ចាស់បានអោយធ្វើការសមាធិចំនួនប្រមាណ បីនាទីរួចមក គុណម្ចាស់បានបន្តសំណេះសំណាល និងលើកមកនៅពុធឱវាទល្អៗមកជាការសណ្តាប់ដូចជា៖

ព្រះគុណម្ចាស់បានបន្តថាទុក្ខរបស់មនុស្សគឺមានបី​៖

-ទុក្ខទីមួយគឺទុក្ខតាំងពីអតីតមានន័យថាទុក្ខដែលបានកើតហួសទៅហើយ

-ទុក្ខទីពីរគឺទុក្ខបច្ចុ្បន្ន មានន័យថាទង្វើរបស់យើងដែលកំពុងប្រតិបត្តិ។

-ទុក្ខទីបីគឺទុក្ខអនាគត មានន័យថា គិតពីរឿងដែលមិនទាន់មកដល់ 

តេជគុណម្ចាស់បានលើកជា ឧទាហរណ៍មួយឡើងថា នៅមន្ទីរពេទ្ររូស្សីក្នុងមួយថ្ងៃមានអ្នកជំងឺផ្លូវចិត្តចំនួន៧០០នាក់ ហើយភាគច្រើនគឺជាយុវជន សួរថាហេតុអ្វី? មូលហេតុដោយសារ យុវជនទាំងនោះមានចំណង់ច្រើន មានការខកបំណងច្រើន។ដូច្នេះយើងម្នាក់ៗត្រូវចេះរៀនធ្វើចិត្តនិងទទួលយកអ្វីដែលខ្លួនមានព្រោះ បើយើងមិនចេះសង្រួមអារម្មណ៍ទេនោះយើងនិងធ្លាក់ខ្លួនជាទាសករនៃចិត្តមហិច្ឆិតាជាមិនខាន រហូតដល់ពេលខ្លះឈានដល់ការសម្លាប់ខ្លួនក៏ថាបាន។ ម្យ៉ាងវិញទៀតបើយើងចេះធ្វើអោយខ្លួនសប្បាយ ដូចជាមានពេលសំរាកលំហែសំរាប់ខ្លួន សប្បាយអោយមានការកំណត់ ហូបអាហារដែលមានប្រយោជន៍ដល់សុខភាព និងធ្វើការតាមពេលវេលាកំណត់អោយបានច្បាស់លាស់នោះជីវិតរបស់យើងនិងមានសេចក្តីសុខ។ព្រះគុណម្ចាស់បានបន្តទៀតថា យើងម្នាក់ៗត្រូវរៀនប្រតិបត្តិធម៌ សុំសីលរំងាប់ចិត្តមានកក្តាបីសំខាន់ៗតាមបែបសាសនា និងតាមបែបសង្គម៖

តាមបែបសាសនា៖        

  • អារម្មណ៍
  • ឧបនិស្ស័យ មានន័យថា សន្សំនិស្ស័យល្អដើម្បីអោយសុទិដ្ឋិនិយមក្នុងចិត្ត
  • កម្មមកពីអតីតមានន័យថា ទង្វើដែលយើងសាងពីមុនដោយមិនល្អ

តាមបែបសង្គម៖

  • សង្គមសាស្រ្ត មានន័យថាកុំធ្វើការប្រៀបធៀបខ្លួនជាមួយអ្នកដ៏ទៃ
  • កក្តាជីវសាស្រ្ត មានន័យថាមនុស្សដែលបានទទួលការវះកាត់ គឺរមែងមានចរិកលក្ខណះនិងស្មារតី

ឆេវឆាវច្រើន ហើយពិបាកគ្រប់គ្រងខ្លួនឯង។

  • ចិត្តសាស្រ្ត មានន័យ (ឆាប់មួរម៉ៅ)

គុណម្ចាស់ក៏បានបន្តទៀតថាវិធីសាស្រ្តធ្វើអោយចិត្តត្រជាក់ដំបូងឡើយ មេត្តាភាវនា៖

  • មេត្តា មានន័យថា សេចក្តីស្រលាញ់
  • ភាវនា មានន័យថា ចំរើនអភិវឌ្ឍន៍

សរុបមកមេត្តាភាវនាមានន័យថាសេចក្តីស្រលាញ់ធ្វើអោយយើងចំរើន និងអភិវឌ្ឍន៍

អហឹង សុខិតោហោមិ និត្តតុខោ មានន័យថា៖

  • សូមអោយខ្ញុំបានសុខរួចផុតពីទុក្ខ
  • សូមអោយសព្វសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខ

ជាបន្តគុណម្ចាស់បានផ្តល់វគ្គសំនួរចម្លើយដល់ប្អូនៗនិស្សិតដូចតទៅ៖

ប្អូនស្រីឈ្មោះ ឈឿន ឡៃហុង ជានិស្សិតផ្នែកនិតិសាស្រ្តនៅសាកលវិទ្យាល័យបៀលប្រាយបានលើកជាសំនួរថាតើ

មនុស្សគ្រប់វ័យនិងប្អូនៗកុមារឫក៏អ្នកមានទ្រព្យសម្បត្តិដែល

មានសុខភាពផ្លូវចិត្តហើយមានតែអ្នកក្រទេដែលជួបវិបិត្តផ្លូវចិត្ត?

គុណម្ចាស់បានបកស្រាយសំនួររបស់ប្អូនស្រីថាវិបិត្តផ្លូវចិត្តមិនប្រកាន់អ្នកមានអ្នកក្រអ្នកតូចអ្នកធំ ឫប្អូនៗកុមារឡើយព្រោះបើមនុស្សទូទៅមិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទេនោះគឺ

វិបិត្តផ្លូវចិត្តនិងកើតឡើងមកលើខ្លួនរបស់យើងជាមិនខាន។

ដូចព្រះអង្គបានលើកជាឧទាហរណ៍ថា៖មានក្មេងប្រុសម្នាក់អាយុ៦ឆ្នាំមានវិបិត្តផ្លូវចិត្តដោយចង់សម្លាប់ខ្លួនគឺមកពីកត្តាគ្រួសារនិងមិត្តភក្តិធ្វើបាបដូចេ្នះមនុស្សគ្រប់រូបត្រូវរៀនធ្វើធម៌សមាធិដើម្បីអោយចិត្តស្ងប់។

ប្អូនប្រុសជានិស្សិតឆ្នាំទីពីរនៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចបានលើកជាសំនួរថាតើមានវិធីសាស្រ្តបែបណាដើម្បីកុំអោយក្រោធខឹង? ដោយប្អូនផ្ទាល់ជាអ្នកដែលជួបបញ្ហានេះគឺនៅពេលដែលមានបញ្ហាម្តងៗប្អូនមិនអាចគ្រប់ គ្រងអារម្មណ៍ខ្លួនឯងបានរហូតដល់បោកចានបោកឆ្នាំងកំទេចរបស់របរនៅជុំវិញខ្លួន ហើយពេលខ្លះបានធ្វើទារុណកម្មខ្លួនឯងទៀត។ ចំពោះការបកស្រាយនូវសំណួររបស់ប្អូនប្រុសខាងលើព្រះតេជគុណបានប្រគល់អោយការបកស្រាយនេះសំណួរនេះជូនទៅលោកនាយក នៃសាកលវិទ្យាល័យជាអ្នកបកស្រាយលោកនាយកបាននិយាយថាចំពោះមនុស្សគ្រប់រូបការខឹងក្រោធគឺមានគ្រប់គ្នាចាប់តាំងពីក្មេងតូចរហូត ដល់មនុស្សចាស់តាមការសិក្សាស្រាវជ្រាវនៅពេលដែលយើងខឹងក្រេវក្រោធធ្វើអោយយើងចាប់ផ្តើមសក្មភាពអ្វីមួយ ដូច្នេះលោកនាយកបានលើកពីបទពិសោធន៍របស់លោកផ្ទាល់បើយើងខឹងគេវាយយើងមានន័យថាគេអោយយើងរាប់អោយបានដល់មួយរយសិនព្រោះគាត់ផ្ទាល់បានជួបការខឹងក្រោធច្រើនទាំងក្នុងគ្រួសារ និងកន្លែងការងារប៉ុន្តែយើងតែងតែតាំងចិត្តថាយើងយកអារម្មណ៍គិតថាពេលគេធ្វើមួយមកប៉ះពាល់ដល់យើងហើយយើងចាប់ផ្តើមទទួលអារម្មណ៍ខឹងពេលហ្នឹងគឺយើងខុសព្រោះថាការតាំងចិត្តរបស់លោកតាំងពីតូចមក គឺមានគោលបំណងមួយរឹងមាំថាទង្វើដែលនរណាម្នាក់ធ្វើអោយមានបញ្ហាខ្ញុំព្រះករុណាតែងតែគិតថានេះមកពីគាត់នៅមានបញ្ញាទាបការគិតទាប ខ្ញុំតែងតែផ្តល់ក្តីអាណិតអាសូរទៅដល់គេកាន់តែខ្លាំងចឹងមានន័យថា យើងបើកចិត្តអោយទូលាយទៅយើងហ្នឹងរសាយចិត្តខឹងក្រោធជាមិនខានហើយបើបុគ្គលណាមួយគាត់ប្រព្រឹត្តអំពីមិនល្អហើយយើងស្អប់គាត់យើងខឹងគាត់ពេលហ្នឹងដែលធ្វើអោយចិត្តយើងក្តៅប៉ុន្តែបើសិនជាយើងត្រលប់ចិត្តគិតថាបុគ្គលហ្នឹងគាត់នៅមានបញ្ហាសតិបញ្ញានិងស្មារតីទាបខ្វះខាត ខ្វះចន្លោះយើងគួរជួយគាត់ណែនាំគាត់បំពេញអោយគាត់ចឹងភាពក្តៅរបស់យើង ត្រលប់ទៅជាលែងខឹងគាត់វិញដោយសារគាត់អន់ជាងយើងដោយសារគេខ្វះជាងយើងបានជាគេធ្វើចិត្តអោយយើងមានបញ្ហាតែបើសិនជាយើងតាំងចិត្ត ចឹងបានមានន័យថាផលក្តៅទាំងឡាយដែលយើងគិតបកទៅលើគេយើងលែងចង់បកទៅលើគេ ដូចេ្នះហើយពេលដែលយើងគិតថាខឹងគេយើងទាញយកចំនុចខាងលើមកគិតគឺយើងឈប់ខឹងគេជាមិនខាន។

ជាបន្តលោក សរ សុផល មានយោបលបន្ថែមចំពោះការខឹងក្រោធនេះថាបើសិនមានមនុស្សមួយក្រុមកំពុងជជែកគ្នាពីរឿងអ្វីមួយហើយមានការខ្វែងគំនិតគ្នាថាតើយើងគួរ ធ្វើយ៉ាងណា?ចំពោះយោបលរបស់លោកផ្ទាល់បានលើកឡើងថាយើងត្រូវគិតហ្នឹងស្វែងយល់ពីមនុស្សម្នាក់ៗថាជាប្រភេទមនុស្សបែបណាគាត់មានចំណេះដឹងកំរឹតណាហើយត្រូវនិយាយសម្របសម្រួលអោយគាត់ឈ្នះខ្លះបើយើងនិយាយយកឈ្នះតែខ្លួនយើងគឺហ្នឹងមានបញ្ហាព្រោះនេះជាការនិយាយជាក្រុមតែផ្ទុយទៅវិញបើយើងចេះយោគយល់និងអត់អោនអោយគ្នាយើង និងបានសេចក្តីសុខទាំងអស់គ្នា និងមួយវិញទៀតគំនិតរបស់ខ្ញុំគិតថាមនុស្សពេញវ័យគួរអប់រំផ្លួវចិត្តបែបណា ហើយមនុស្សវ័យចំណាស់ត្រូវអប់រំផ្លូវចិត្តបែបណា?​ហើយនិងលើកជាសំណួរទៅគុណម្ចាស់វិញថា តើមានការអប់រំផ្លូវចិត្តបែបណាដើម្បីជំរុញ    អោយនិស្សិតយើងទាំងអស់ក្នុងការរៀនសូត្រអោយមានសមាមាត្រស្មើគ្នា? គុណម្ចាស់បានបន្តថាដើម្បីកាត់បន្ថយកំហឹងឫហឹង្សាកើតឡើងដោយប្រការណាមួយយើងគួរតែពេលបញ្ហាកើតឡើងបើអាចយើងគួរតែដើរចេញសិនព្រោះពេលដែលកំពុងខឹងរាល់ការសំរេចធ្វើអ្វីមួយ គឺតែងតែខុសហើយបើអាចតាមក្បូនពេទ្យគឺអោយយើងញុំាទឹកមួយកែវសិនដើម្បីត្រជាក់ក្នុងចិត្តបន្តិចមួយវិញទៀតត្រូវចេះអត់ឱនអោយគ្នាជាពិសេសការចម្រើនមេត្តាធម៌ជាប្រចាំបើកចិត្តអោយទូលាយ។ ជាចុងក្រោយព្រះតេជគុណសូមថ្លែងអំណរគុណដល់លោកនាយក សាស្រ្តាចារ្យ បុគ្គលិក និងប្អូនៗនិស្សិតទាំងអស់អោយជួបតែសេចក្តីសុខ សេចក្តីចំរើន។

            ជាកិច្ចបន្ទាប់លោកនាយកធ្វើការសំណេះសំណាលបន្តជាមួយប្អូនៗនិស្សិតអំពីការសំដែងបាឋកថាស្តីពី ការថែរក្សាសុខភាពផ្លូវចិត្ត ថាតើប្អូនៗទទួលចំណេះដឹងពីការស្តាប់នេះបានកំរិតណា?លោក នាយក

បានបន្តទៀតថាការដែលមនុស្សម្នាក់ៗមានសុខភាពល្អគឺទទួលបានលេខមួយព្រោះការខិតខំទាំងការងារ

ប្រចាំថ្ងៃទាំងការសិក្សារៀនសូត្រដល់ប្រកបការងារ អាជីវកម្មរកស៊ីផ្សេងៗបើគ្មានសុខភាពទេគឺយើងមិន

ទទួលបានអ្វីទាំងអស់ទោះបីយើងមានទ្រព្យសម្បត្តិ និងអ្វីផ្សេងៗក៏ដោយ។

ក្នុងឱកាសជាចុងក្រោយនេះលោកនាយកធ្វើការថ្លែងអំណរគុណចំពោះព្រះគ្រូវជិប្បញោគូ សុភាព

និងព្រះតេជគុណគ្រប់ព្រះអង្គដែលបានចំណាយពេលវេលាបរិច្ចាគទាន ធម្មទានក៏ដូចជាដំបូន្មានផ្សេងៗទាក់ទិន និងមេរៀនសំរាប់ជីវិតនៅសុភាពផ្លូវចិត្តនៅថ្ងៃនេះហើយក៏សូមអរគុណដល់គណៈគ្រប់គ្រង

សាស្រ្តាចារ្យ​​ បុគ្គលិក ប្អូនៗនិស្សិត និងលោកយាយ លោកតាទំាងអស់ដែលបានមកចូលរួម សូមប្រទានពរអោយមានសុខភាពល្អ និងជោគជ័យបន្តទៀត។

ជាកិច្ចបង្ហើយការកម្មវិធីប្រគល់ជូនលិខិតថ្លែងអំណរគុណដល់ព្រះគ្រូ វជិប្បញោ គូ សុភាព និងការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

            អង្គកម្មវិធីនេះក៏បានបញ្ចប់ នៅវេលាម៉ោងប្រាំនិងដប់មួយនាទីល្ងាច នាថ្ងែខែឆ្នាំដដែលក្រោមបរិយា

កាសសប្បាយរីករាយ។