The University Background
១. ជំនាញ គ្រប់គ្រងទូទៅ
២. ជំនាញ គណនេយ្យនិងហិរញ្ញវត្ថុ
៣. ជំនាញ ធនាគារនិងហិរញ្ញវត្ថុ
៤. ជំនាញ ទីផ្សារ
៥. ជំនាញ បច្ចេកវិទ្យាព័ត៌មាន
៦. ជំនាញ បង្រៀនភាសាអង់គ្លេសជាភាសាបរទេស
៧. ជំនាញ នីតិសាស្រ្ដ
៨.ឯកទេស សហគ្រិនភាព និងការគ្រប់គ្រងសហគ្រាស
៩.ជំនាញ វិស្វកម្មសំណង់ស៊ីវិលអគារ
ទីតាំងភូមិសាស្រ្ត
បន្ទាយមានជ័យ ជាខេត្តមួយ ស្ថិតនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានវិសាលភាពលាតសន្ធឹង លើផ្ទៃដីសរុប ៦៦៧៩ គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ជាប់ នឹង ខេត្តឧរត្តមានជ័យ សៀមរាប បាត់ដំបង និងប្រទេសថៃ។ ខេត្តនេះស្ថិតនៅចម្ងាយ៣៦០គ.ម ពីរាជធានីភ្នំពេញ និងមានប្រជាជនសរុប៨១៦៣៨២នាក់ ក្នុងនោះមាន បុរស៤០២២០១នាក់ និងស្រ្តី៤១៤១៨១នាក់ មាន៧ស្រុក និង២ក្រុង ស្មើនឹង៩៧ឃុំ និង១០សង្កាត់មាន៦៤២ភូមិ។ អត្រាកំណើនប្រជាជនស្មើនឹង៥,៩៣%។ សេដ្ឋកិច្ចខេត្ត មាន៩៣%ពឹងផ្អែក លើកសិកម្ម និង៧%ទៀតគឺការនេសាទ ពាណិជ្ជកម្ម និងកាស៊ីណូដែលជាប្រភពចំណូលដ៏សំខាន់។ ក៏ប៉ុន្តែខេត្តនេះមាន ចំនួនអនក្ខរជនរហូតដល់១៣២៩១៤នាក់ ស្រី៦៦៦៤៥នាក់ (របាយការណ៍របស់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ឆ្នាំ២០១២)។
ប៉ោយប៉ែតជាទីប្រជុំជននៅ ជាប់ជាយដែនជាមួយថៃ និងជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុង វិស័យពាណិជ្ជកម្មឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ។ ក្រៅពីនេះខេត្តនៅមានតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត គឺប្រាសាទ បន្ទាយឆ្មារ និងអាងទឹកត្រពាំងថ្ម។ បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ គឺជាមជ្ឍមណ្ឌលពាណិជ្ជកម្ម អាជីវកម្ម កសិកម្ម ទេសចរណ៍ និងសិក្សាស្រាវជ្រាវដ៏សំខាន់ និងជាខេត្តដែលហ៊ុំព័ន្ធទៅដោយតំបន់រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានធម្មជាតិកែច្នៃដែលទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិដ៏ច្រើន សន្ធឹកសន្ធាប់ទៅទស្សនាតំបន់ទាំងនោះ។
ស.ប.ប.ប.ជ ចាប់ផ្តើមដំណើរការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សានៅឆ្នាំសិក្សា ២០០៦-២០០៧ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាតាមប្រកាស លេខ៖ ១៣៩១អយក.ប្រក.ចុះថ្ងៃទី២២ ខែសីហាឆ្នាំ២០០៦។
ការគ្រប់គ្រងរដ្ឋបាល
អភិបាលកិច្ចនៅក្នុងសាកលវិទ្យាល័យបៀលប្រាយ សខាខេត្តបន្ទាយមានជ័យ សំដៅទៅលើរចនាសម្ព័ន្ធ និង ដំណើរការនៃការអនុវត្តន៍ការងារប្រតិបត្តិរបស់គណៈគ្រប់គ្រង និងបុគ្គលិកក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយពឹងផ្អែកលើគោលនយោបាយ និងនិតិវិធីការងារពីស្នាក់ការកណ្តាល ដើម្បីធ្វើឲ្យកិច្ចការងារនៅក្នុងសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យប្រព្រឹត្តបានទៅដោយរលូន។ យោងតាមលក្ខន្តិកៈសាកលវិទ្យាល័យ បៀលប្រាយ អភិបាលកិច្ច គឺជាដំណើរការនៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ សាកលវិទ្យាធិការរង តំណាងឲ្យអង្គនិតិប្រតិបត្តិ និង គណៈកម្មការ នានានៃក្រុមប្រឹក្សាភិបាល។
សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្ដបន្ទាយមានជ័យ ដឹកនាំដោយនាយកសាខា ០១ រូប និង នាយករងសាខា ចំនួន ០២ រូប ទទួលបន្ទុកតាមផ្នែកនីមួយៗរួមមានៈ ទី១ ផ្នែកផែនការ ហិរញ្ញវត្ថុ និងរដ្ឋបាល ទី២ ផ្នែកកិច្ចការសិក្សានិងនិស្សិត ដែល មានបុគ្គលិកបម្រើការរដ្ឋបាល សរុបចំនួន ២២នាក់ ដែលដើរតួរយ៉ាងសំខាន់ក្នុងការជួយ សម្របសម្រួលដល់ប្រតិបត្ដិការរបស់សាខាទាំងមូល។
ការផ្តោតលើផ្នែកអប់រំ
ស.ប.ប.ប.ជ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃក្រុងសិរីសោភ័ណ ដែលប្រមូលផ្តុំទៅដោយ សកម្មភាពពាណិជ្ជកម្ម សកម្មភាពសង្គមវប្បធម៌ទេសចរណ៍ និងសកម្មភាពសិក្សាស្រាវជ្រាវដែលផ្តល់ភាព ងាយស្រួលដល់និស្សិតទាំងអស់នូវបរិស្ថាននៃការសិក្សាស្រាវជ្រាវមួយ ដែលលើកទឹកចិត្តឲ្យពួកគេទទួល បាននូវជីវិតនៃការសិក្សានៅ សាកលវិទ្យាល័យ ផ្សារភ្ជាប់នឹងធម្មជាតិ សង្គមវប្បធម៌ និង ការអភិវឌ្ឍពិតៗ នៅនឹងកន្លែង ឆ្លុះបញ្ចាំងពីចំណេះដឹង និងបទពិសោធដែលបានសិក្សា និងការប្រតិបត្តិជាក់ស្តែង។ អំណោយផលនៃទីតាំង ស.ប.ប.ប.ជ ហ៊ុំព័ទ្ធដោយអាហារដ្ឋាន ហាងលក់ទំនិញ បណ្តាគារ សេវាអ៊ីនធើណិត ផ្សារលក់ម្ហូបអាហារ និងផ្លៃឈើ រមណីយដ្ឋាន មណ្ឌលកំសាន្ត ព្រឹត្តិការណ៍ជំនួញ វប្បធម៌ និងសង្គមជាច្រើនបានលើកទឹកចិត្ត និងផ្តល់តម្លៃដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត ស.ប.ប.ប.ជ ទាំងអស់ ដែលបានសិក្សានៅទីនេះ។
ការចុះឈ្មោះសិក្សា
ចាប់តាំងពី ឆ្នាំសិក្សា ២០០៦-២០០៧ រហូតដល់ បច្ចុប្បន្ន ការចុះឈ្មោះនិស្សិតសិក្សា នៅ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ មានចំនួនសរុបប្រមាណ ប្រាំពាន់ប្រាំរយនាក់ (៥៥០០នាក់) មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនិស្សិតដែលបានបញ្ចប់ការសិក្សា និងមានការងារធ្វើក៏មានការកើនឡើង ដើម្បីបម្រើឲ្យសង្គមជាតិទាំងមូល។ ចំពោះសាស្រ្តាចារ្យគឺ ប្រកបដោយ គុណវុឌ្ឍិសម្រាប់ធ្វើការបណ្តុះបណ្តាលទៅដល់និស្សិត ប្រកបដោយគុណភាពរួមជាមួយ អគារសិក្សា និងសម្ភាររូបវ័ន្តគ្រប់គ្រាន់បម្រើឲ្យសេវាសិក្សារបស់និស្សិត ស.ប.ប.ប.ជ បច្ចុប្បន្ននេះ កំពុងបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញារង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជាមួយនឹងកម្មវិធីសិក្សា ដែលមានច្រើនជំនាញឯកទេសរួមមាន៖ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច មហាវិទ្យាល័យសេដ្ឋកិច្ច និង វិទ្យាសាស្រ្តកសិកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្តនិងភាសា និងមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ។