វេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

កាលព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ បន្ទាយមានជ័យ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រងនិងនិស្សិត សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានចូលរួមក្នុងកម្មវិធី បើកអង្គវេទិកា ថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ (ធំ) សាលាខេត្ត។ 

    ក្នុងឳកាសដ៏ឳឡារិកនោះផងដែរក៏មានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្លែក រ៉ាវី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមសង្កេតការពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប។ 

        ​នៅក្នុងនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺជាការធ្វើប្រតិភូកម្មនូវអំណាចមួយចំនួនរបស់រដ្ឋបាលថ្នាក់ជាតិ មកឲ្យរដ្ឋបាលថ្នាក់បាលថ្នាក់ក្រោមជាតិ ដោយយោងតាមសេចក្តីណែនាំ ស្តីពីការពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកំណែទម្រង់វិមជ្ឈការថ្នាក់ក្រោមជាតិនិងវិសហមជ្ឈការជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០១មក និងបានបង្កើតនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធទៅនឹងការកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាល ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ តាមរយៈការអនុវត្ត កំណែទម្រង់នេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការ លើកកម្ពស់អភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈនានាឆ្លើយតបទៅ នឹងតម្រូវការចាំបាច់ និងដោះស្រាយបញ្ហាប្រឈមជាអាទិភាពនានានៅតាមមូលដ្ឋាន ដែលប្រការនេះបាន ចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់ការលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានរៀបចំអនុវត្ត និងដោះស្រាយបញ្ហាប្រឈមនានា ផ្អែកតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា និងផ្អែកតាមគោលនយោបាយ ច្បាប់ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ រហូតមកដល់ពេលនេះ កំណែទម្រង់នេះបានឈាន ចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ដោយតម្រូវឱ្យមានការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ការផ្តល់សេវាសាធារណៈនានា ដែលកំពុងមានការកើនឡើងយ៉ាងគំហុក ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ជាតិកំពុងមានការរីកចម្រើនកាន់តែខ្លាំង។ ក្នុងដំណាក់កាលដ៏សំខាន់នេះ តម្រូវឱ្យក្រសួង ស្ថាប័ននៅថ្នាក់ជាតិត្រូវផ្ទេរមុខងារ និងធនធាន កាន់តែច្រើនឡើងបន្ថែមទៀតទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមគ្នានេះ ក៏តម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោម ជាតិត្រូវបង្កើនការទទួលខុសត្រូវឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការគ្រប់គ្រង ការចាត់ចែង និងការ អនុវត្តមុខងារដែលបានផ្ទេរឱ្យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោល នយោបាយ លិខិតបទដ្ឋាន និងស្ដង់ដាដែលបានកំណត់ជាធរមានក្នុងវិស័យនីមួយៗ។

        នៅក្នុងនោះក៏មាននោះផងដែរយើងក៏បានឃើញមានបទអន្តរាគមន៍ របស់មន្ទីរ អង្គភាព ស្ថាប័ន អង្គការជាដៃគូផ្សេងៗទៀត ដែលលើកឡើងអំពី ការអនុវត្តកិច្ចការងារជោគជ័យក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ព្រមទាំងលើកឡើងនូវបញ្ហាប្រឈមរបស់អង្គភាព ស្ថាប័នសាមីក្នុងការអនុវត្តផែនការ ព្រមទាំងនាំមកនូវការសំណូមពរពីបណ្តាស្ថាប័នទាំងនោះ។ ជាងនេះទៅទៀត ឯកឧត្តម អ៊ុំ រាត្រីបានធ្វើការអន្តាគមនភ្លាមៗចំពោះសំណូមពរទាំងនោះដោយផ្តល់ជាមតិដើម្បីកែប្រែ និងស្ថាបនាការដោះស្រាយទៅតាមបណ្តាអង្គភាពទាំងឡាយរបស់អង្គភាពដែលពាក់ព័ន្ធ ហើយជ្រើសរើសយកបញ្ហាដែលចម្បងនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិយកទៅដោះស្រាយនៅថ្នាក់ជាតិ នាកិច្ចប្រជុំនាពេលខាងមុខ។