បង្ហាញជម្រើស៥យ៉ាងល្អបំផុត សម្រាប់អ្នកធ្លាក់បាក់ឌុប មិនចង់រៀនទី១២ម្ដងទៀត
ក្រោយប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ មានសិស្សជាច្រើនរូបដែលមិនទទួលបានជោគជ័យ។ អ្នកប្រឡងជាប់ កំពុងគិតថា គួររៀនបន្តជំនាញអ្វី? រៀននៅសាកលវិទ្យាល័យណា? ចុះចំណែកអ្នកធ្លាក់វិញ គួរធ្វើដូចម្ដេច ប្រសិនបើមិនចង់រៀនថ្នាក់ទី១២ម្ដងទៀត? ដូច្នេះសូមអ្នកដែលទទួលលទ្ធផលមិនល្អ មកដកស្រង់បទពិសោធន៍ល្អៗដូចខាងក្រោមនេះ៖

១. សិក្សាថ្នាក់បរិញ្ញាបត្ររង
លោក ភួង សេរីសុភា បច្ចុប្បន្នជាបុគ្គលិកក្នុងធនាគារឯកជនមួយ ធ្លាប់ប្រឡងបាក់ឌុបធ្លាក់កាលពីឆ្នាំ២០១២ លើកឡើងថា ជម្រើសដ៏ល្អមួយក្រោយលោកប្រឡងធ្លាក់ គឺសម្រេចចិត្តបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររងតែម្ដង។ លោកបន្តថា ការសិក្សាថ្នាក់បរិញ្ញាបត្ររង គឺចំណេញពេលជាងរៀនថ្នាក់ទី១២ម្ដងទៀត។
សុភា និយាយថា៖ អំឡុងពេលរៀននៅសាកលវិទ្យាល័យថ្នាក់បរិញ្ញាបត្ររង យើងអាចដាក់ពាក្យប្រឡងបំពេញវិជ្ជាបាន។ ដូច្នេះទម្រាំដល់ពេលប្រឡងបាក់ឌុបម្ដងទៀត យើងរៀនចប់មួយឆ្នាំទៅហើយ នៅពេលយើងប្រឡងជាប់បានសញ្ញាបត្របាក់ឌុប យើងអាចបន្តយកថ្នាក់បរិញ្ញាបត្រដូចគេដូចឯង។ ដូចនេះមានន័យថា យើងចំណេញពេល១ឆ្នាំ បើធៀបជាមួយអ្នករៀនទី១២ឡើងវិញ ប៉ុន្តែលុះត្រាតែប្រឡងបំពេញវិជ្ជានោះទទួលបានជោគជ័យដែរ។
២. ចាប់យកជំនាញវិជ្ជាជីវៈ
ដោយឡែកបើតាមការលើកឡើងរបស់ សាស្ត្រាចារ្យ ហេង សុខហាក់ បានផ្ដល់ជាយោបល់ថា បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា កំពុងមានតម្រូវការច្រើនទៅលើអ្នកជំនាញបច្ចេកទេស។ ដូច្នេះជាឱកាសល្អ សម្រាប់អ្នកធ្លាក់បាក់ឌុប ក្នុងការចាប់យកជំនាញវិជ្ជាជីវៈទាំងនោះ ប្រសិនបើមិនចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ឬរៀនទី១២ឡើងវិញ។ លោកសាស្ត្រាចារ្យ បន្ថែមថា បច្ចុប្បន្ននេះមានក្រសួងការងារ និងសាលាឯកជនជាច្រើន បានផ្ដល់អាហារូបករណ៍ជាច្រើនដល់អ្នកធ្លាក់បាក់ឌុប។ ដូច្នេះសិស្សទាំងអស់អាចស្វែងរកព័ត៌មានដ៏ទូលំទូលាយនៅលើបណ្ដាញសង្គមបាន។

៣. ឆ្លៀតរៀនភាសាបរទេស កុំព្យូទ័រ
ជម្រើសដ៏ល្អមួយទៀត សម្រាប់អ្នកមិនចង់រៀនទី១២ម្ដងទៀត គឺឆ្លៀតពេលរៀនភាសាបរទេសដែលកំពុងត្រូវប៉ាន់ដូចជា៖ ភាសាអង់គ្លេស ចិន កូរ៉េ និងរៀនកុំព្យូទ័រឱ្យចេះច្បាស់លាស់ ល្អជាជាងទុកពេលទំនេររង់ចាំប្រឡងបំពេញវិជ្ជា។ ប្រសិនបើចេះភាសាបរទេសគួរសម បូកនឹងជំនាញកុំព្យូទ័រដ៏ស្ទាត់ជំនាញ សិស្សក៏អាចស្វែងរកការងារដ៏សមរម្យមួយ ដើម្បីរកប្រាក់ចំណូលដោយខ្លួនឯងទៀតផង។ នេះបើតាមការលើកឡើងរបស់ សាស្ត្រាចារ្យ ហេង សុខហាក់។
៤. សិក្សាវគ្គខ្លីនានាតាមរយៈកម្មវិធីដ៏សម្បូរបែប
បើតាមការលើកឡើងរបស់កញ្ញា វណ្ណ សុភា បច្ចុប្បន្នជាបុគ្គលិកក្នុងអង្គការក្រៅរដ្ឋាភិបាលមួយលើកឡើងថា កញ្ញាក៏ប្រឡងបាក់ឌុបធ្លាក់ដែរ តែកញ្ញាមិនអស់សង្ឃឹមនោះទេ ហើយងាកទៅចាប់ការសិក្សាវគ្គខ្លីៗនានា រហូតបានលិខិតបញ្ជាក់ការសិក្សារាប់មិនអស់។ កញ្ញាបន្តថា ដោយសារការសិក្សាជាច្រើននោះហើយ ធ្វើឱ្យមានទំនាក់ទំនងកាន់តែច្រើន ជាពិសេសពង្រីកចំណេះដឹងដ៏ទូលំទូលាយ។ ក្រោយមកកញ្ញាដាក់ពាក្យធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាលមួយ ហើយគេក៏ទទួលយក រហូតមកដល់ពេលនេះ កញ្ញាមានតំណែងសមរម្យមួយ ហើយចំណូលក៏ច្រើនគួរសមដែរ។
៥.ស្វែងរកឱកាសការងារស្ម័គ្រចិត្តក្នុងសង្គម ឫអង្គការក្រៅរដ្ឋាភិបាលនានា
កញ្ញា វណ្ណ សុភា ដដែលបន្តទៀតថា ជម្រើសល្អមួយទៀត ប្រសិនបើធ្លាក់បាក់ឌុប គឺការចាប់ឱកាសការងារស្ម័គ្រចិត្ត តាមរយៈកម្មវិធីក្នុងសង្គមនានា ក៏ដូចជាបណ្ដាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ តាមរយៈការចូលរួមកម្មវិធីសង្គមដ៏សម្បូរបែបនេះ ធ្វើឱ្យកញ្ញាអាចកំណត់គោលដៅអនាគតកាន់តែច្បាស់លាស់ ប្រមូលផ្ដុំបទពិសោធន៍ ចំណេះដឹងជាច្រើន និងទំនាក់ទំនងល្អជាមួយបុគ្គលជោគជ័យជាច្រើនរូប។ សុភានិយាយថា ធ្លាក់បាក់ឌុប មិនមែនជាភាពបរាជ័យក្នុងជីវិតនោះទេ៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ (Sabay News)
English
Khmer