មន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រី៖ ការវិនិយោគទុនលើចំណេះវិជ្ជា ទទួលបានការប្រាក់ខ្ពស់បំផុត

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការងារបណ្តុះបណ្តាល គឺជាការវិនិយោគមួយដែលប្រើប្រាស់ថវិកានិងពេលវេលាដ៏ច្រើនហើយមានតែការវិនិយោគទុនលើចំណេះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់បំផុត។

លោក អ៊ុន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត​ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា តាមទស្សនាទាន “ការអប់រំ ល្អ គឺជាកូនសោរសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ” រាជរដ្ឋាភិបាលគ្រប់អាណត្តិ ក្រោមការដឹកនាំដ៏ឆ្លាតវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី បានកំណត់រួច ហើយថា ការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយចីរភាពឆ្ពោះទៅកាន់ការកាត់បន្ថយ ជាបណ្តើរៗនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត ការអភិវឌ្ឍធនធានមនុស្សត្រូវ បានចាត់ទុកជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល ពិសេស បានក្លាយជាអាទិភាពទី១ នៅក្នុងដំណាក់កាលទី៣និងទី៤។ លោកបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគ្រឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដូច្នេះ ធនធានមនុស្សនៅតែជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃ ប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ សុខ ភាពល្អនិងកាយសម្បទារឹងមាំ តួនាទីស្ត្រីនិងកិច្ចគាំពារសង្គម។

លោករដ្ឋលេខាធិការ បន្តថា ជាងនេះទៅទៀត ការបង្កើនភាពឆ្លើយតបឲ្យកាន់តែពេញលេញ នៃការអប់រំផ្សារភ្ជាប់ ទៅនឹងទីផ្សារការងារនិងការរស់នៅ តាមរយៈទស្សនាទាន យុវជនម្នាក់មានជំនាញមួយ យ៉ាងតិចប្រចាំជីវិត” រៀបចំកម្មវិធីបង្កើត គំនិតសហគ្រិនភាព និងភាសាបរទេស, ពង្រឹងការ អប់រំ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ​(STEM) និងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា ​(STEAM) ដោយបង្កើតឲ្យមានមជ្ឈមណ្ឌលអប់រំ និងវិទ្យាសាស្ត្រ, បន្តជំរុញកម្មវិធីបំណិនជីវិត ពិសេស កម្មវិធីយុវជននិងភាពជាអ្នកដឹកនាំ, សីលធម៌និងជីវិតក្នុងការរស់នៅ, ការចូលរួមការងារសង្គម និងបរិស្ថាន។

លោកបន្តទៀតថា បុរេលក្ខខណ្ឌមួយ ដែលមិនអាចខ្វះបានដើម្បីធានានូវនិរន្តរភាពនិងវឌ្ឍនភាពនៃការងារនេះ គឺការ ថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងប្រជាធិបតេយ្យនីយកម្ម ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ឲ្យយើង អប់រំបណ្តុះបណ្តាលរបស់យើង​៕

ប្រភពពី: https://www.cnc.com.kh