សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​បង្កើត​កម្មវិធី​​​ផ្តល់​​​ឱកាស​ការងារ​ដល់​និស្សិត​រាប់ពាន់នាក់​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨

សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯក​ជន​ជាច្រើន​​​បង្កើត​ពិព័រណ៍​ការងារ​​​នៅ​​​ទីតាំង​សាកល​វិទ្យា​ល័យ​​​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​​​កម្ពុជា​ឱ្យ​ទទួលបាន​ការងារ​​​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត និង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​។​

​លោក អ៊ី​ន វីរ​ជ័យ សាកលវិទ្យាធិការ​រង​ជាន់ខ្ពស់​​​ទទួលបន្ទុក​​​កិច្ចការ​សាធារណៈ​នៃ​សាកល​វិទ្យា​ល័យ​​​បៀ​ល​ប្រា​យ បាន​លើកឡើងថា នេះ​ជា​លើកទី​5 ហើយ​ដែល​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ​​​បាន​​​រៀបចំ​ពិព័រណ៍​ការងារ​នេះ​ឡើង ហើយ​ក្នុង​ពិព័រណ៍​នៅ​ឆ្នាំ​នេះ​​​ក្រុមហ៊ុន​ដែល​ចូលរួម​មាន​ការកើនឡើង ស្រប​ពេលដែល​​​និស្សិត​​​ដែល​ចាប់អារម្មណ៍​​​ក៏​មាន​ការកើនឡើង​ជា​ង​ឆ្នាំមុនៗ​ផងដែរ​។ នេះ​ជា​ឱកាស​​​ដ៏​ពិសេស​មួយ​​​ដែល​​​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​រៀ​ប​ចំ​ឡើង​សម្រាប់​ផ្តល់ឱកាស​ឱ្យ​​​និស្សិត​​​អាច​ដាក់ពាក្យ​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា​។ 
​លោក អ៊ី​ន វីរ​ជ័យ​​ បាន​មាន​ប្រសាសន៍ថា​៖ «​​នៅក្នុង​ពិព័រណ៍​ការងារ​ឆ្នាំ 2018 នេះ​យើង​បាន​​​រៀបចំ​យ៉ាង​ហ្មត់ចត់ ដោយ​និស្សិ​តអាច​​​មាន​ឱកាស​ជួប​ផ្ទាល់ៗ​ជាមួយ​​​តំណាង​ក្រុមហ៊ុន​ដែល​ជ្រើសរើស​បុគ្គលិក មាន​រៀបចំ​សិក្ខាសាលា​ដែលមាន​អ្នក​ជំ​នា​ញ​ចូលរួម​ពាក់​ព័​ន្ធ​នឹង​ការងារ និង​មាន​បន្ទ​ប់​សម្ភាស​ការងារ​នៅនឹងកន្លែង​ផងដែរ​»​។​

​លោក​​​សាកលវិទ្យាធិការ​​​រង បាន​បន្ថែម​ទៀតថា ការ​រៀបចំ​កម្មវិធី​យ៉ាង​មាន​សារៈ​សំ​ខាន់​នេះ បាន​ឆ្លើយតប​ទៅ​នឹង​ត​ម្រូ​វ​ការសំ​ខាន់​របស់​និ​ស្សិត​ដែល​ស្វែង​រក​ការងារ​ធ្វើ និង​ក្រុមហ៊ុន​នានា​ដែល​កំពុង​ត្រូវការ​បុគ្គលិ​ក​​​ផងដែរ​។ ហើយ​ជា​រៀងរាល់ឆ្នាំ​ក្រុមហ៊ុន​នីមួយៗ​អាច​ជ្រើសរើស​បុគ្គលិក​បាន​ច្រើន ដែល​មាន​បុគ្គលិក​ខ្លះ​ប្រកបដោយ​គុណភាព និង​សមត្ថភាព​ខ្ពស់ ព្រោះ​គាត់​​​បានជ្រើសរើស​​​បុគ្គលិក​ចេញពី​គ្រឹះស្ថាន​អប់រំ​តែម្តង​។​

​គួរបញ្ជាក់​ផងដែ​រថា ពិព័រណ៍​ការងារ​ឆ្នាំ​2018 ត្រូវបាន​រៀបចំឡើង​នៅ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ ដោយ​មាន​ការចូលរួម​ពី​ពី​ដៃគូ​ក្រុមហ៊ុន និង​សហគ្រាស​ល្បីៗ​ជាច្រើន ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត និង បុគ្គលិក​សិក្សា​រាប់ពាន់នាក់​ក្នុង​ការបង្កើត​ទំនាក់ទំន​ង និង​សិក្សា​ស្វែង​យល់​អំពី​ផលិតផល សេវាកម្ម បច្ចេកវិទ្យា​ថ្មីៗ បទពិសោធ និង​ការអនុវត្ត​ជាក់ស្តែង តា​​​ម​រយៈ​វេទិកាបទ​បង្ហាញ​នៃ​វាគ្មិន​ល្បីៗ មកពី​ក្រុមហ៊ុន​ទាំងអស់​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៃ​ពិព័រណ៍​ការងារ​នេះ​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត គឺ​និស្សិត​ទាំងអស់នឹង​ទទួលបាន​ឱកាស​ការងារ​តាម​រយៈ​ការសម្ភាស​ដោយផ្ទាល់​នៃ​ថ្នាក់ដឹកនាំ​ម​ន្ត្រី​គ្រប់​គ្រង​ធន​ធាន​មនុស្ស​មកពី​ក្រុមហ៊ុន​ល្បីៗ ចំនួន 27៕