ជំនាញស្ថាបត្យកម្មកំពុងមានសក្តានុពលខ្លាំងក្នុងទីផ្សារកម្ពុជា
ក្រៅពីសំណង់ស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរដែលធ្វើឱ្យមានភាពល្បីរន្ទឺពេញពិភពលោក មានអ្នកចេះដឹងខ្មែរមិនតិចទេដែលបានបង្កើតស្នាដៃស្ថាបត្យកម្ម និងចងក្រងជាចំណេះវិជ្ជាផ្នែកនេះសម្រាប់អ្នកជំនាញជំនាន់ក្រោយ។
ស្ថាបត្យកម្ម ត្រូវបានគេមើលឃើញថា ជាជំនាញដ៏មានសក្តានុពល ស្របពេលដែលសង្គមកំពុងត្រូវការសាងសង់សំណង់អគារជាច្រើនក្នុងពេលបច្ចុប្បន្ន និងអនាគត។ ជាមួយគ្នានេះដែរនិស្សិតកម្ពុជាជាច្រើនក៏បានទទួលជោគជ័យក្នុងការសិក្សា ហើយកសាងស្នាដៃរហូតមានការទទួលស្គាល់ជាអន្តរជាតិទៀតផង។
ដោយមើលឃើញពីសារៈសំខាន់នៃវិស័យស្ថាបត្យកម្ម កាសែតឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយសាស្ត្រាចារ្យសុខ ខុម ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ ដើម្បីចែករំលែកបទពិសោធសំខាន់ៗជុំវិញជំនាញស្ថាបត្យកម្ម សម្រាប់ជាការពិចារណាដល់សិស្ស និស្សិត និងសាធារណជនទូទៅ។
1.តើស្ថាបត្យកម្មដើរតួនាទីសំខាន់ប៉ុនណាសម្រាប់កម្ពុជា?
តាមពិតទៅ ស្ថាបត្យកម្មជាជំនាញមួយដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក មិនមែនសម្រាប់តែកម្ពុជានោះទេ។ ប្រទេសទាំងអស់សុទ្ធតែមានស្ថាបត្យកម្ម និងរចនាប័ទ្មសម្រាប់ខ្លួនគេរៀងៗខ្លួន។ សម្រាប់ខ្មែរយើងក៏ដូចគ្នា ដូនតាយើងបានបន្សល់ទុកស្នាដៃស្ថាបត្យកម្មច្រើនណាស់ ដូចជាស្នាដៃក្នុងវត្តអារាម អគារ និងសំណង់ជាច្រើនផ្សេងទៀតដែលបង្កប់ដោយស្ថាបត្យកម្ម រចនាប័ទ្ម និងសិល្បៈល្អៗជាច្រើន។
ស្ថាបត្យកម្មគឺជាវិទ្យាសាស្ត្រដែលមានក្បួនខ្នាតត្រឹមត្រូវ ហើយជាពិសេសសម្រាប់ប្រទេសកម្ពុជា យើងមានស្ថាបត្យកម្មដែលគេទទួលស្គាល់ពេញពិភពលោក។ ប្រទេសណាក៏ស្គាល់អង្គរវត្តរបស់កម្ពុជាដែរ ហើយប្រាសាទនេះមានក្បួនខ្នាត និងស្តង់ដារត្រឹមត្រូវដែលមនុស្សអាចសិក្សាបានរហូតមកដល់បច្ចុប្បន្ន ហើយស្តង់ដារនេះក៏ត្រូវនឹងសំណង់អគារនាពេលបច្ចុប្បន្ននៅអឺរ៉ុប បើទោះបីជាប្រាសាទនេះសង់ឡើងច្រើនសតវត្សរ៍មកហើយក្តី។ ខ្មែរយើងក៏មានស្ពានល្អៗតាំងពីសម័យបុរាណមកដែរ ដូចជាស្ពានកំពង់ក្តី ដែលមានទំហំប៉ុនផ្លូវជាតិរបស់យើងសព្វថ្ងៃនេះ។
2. សម្រាប់សំណង់ស្ថាបត្យកម្មទំនើបរបស់ខ្មែរនាពេលបច្ចុប្បន្ននេះ តើស្ថាបត្យករខ្មែរបានបញ្ចូលនូវរចនាប័ទ្មខ្មែរប្រហែលជាប៉ុន្មានភាគរយ?
បើនិយាយពីទិន្នន័យខ្ញុំមិនទាន់មានតួលេខច្បាស់លាស់នៅឡើយថា អាចមានប៉ុន្មានភាគរយ តែបើតាមការសង្កេតរបស់ខ្ញុំ គឺឃើញមានប្រហែលជា 70% ដែលបញ្ចូលភាគច្រើនលើដំបូល របង ក្បូរ-ក្បាច់រចនា និងទំហំស្តង់ដារទ្វាបង្អួច បែបផ្ទះខ្មែរជាដើម។ ខ្ញុំនិយាយនេះ គឺសំដៅតែផ្ទះខ្មែរដែលស្ថាបត្យករបានគូរយ៉ាងត្រឹមត្រូវ ទើបអាចមានទំហំស្តង់ដារបែបខ្មែរច្បាស់លាស់ តែអ្នកខ្លះទៀតលទ្ធភាពរបស់គាត់តិចតួចស្តួចស្តើង គាត់មិនជួលស្ថាបត្យករ នោះមិនសូវជាត្រូវទៅតាមស្តង់ដារច្បាស់លាស់ប៉ុន្មានទេ។
3. បច្ចុប្បន្ននេះមានអគារទំនើបជាច្រើន ដូចជាអគារខ្ពស់ប្រណីតៗជាដើម តើសមត្ថភាពរបស់ខ្មែរយើងក្នុងការរចនា មានលក្ខណៈប្រកួតប្រជែងល្អប៉ុនណា ប្រសិនបើប្រៀបធៀបជាមួយស្ថាបត្យករបរទេស?
តាមពិតទៅបើនិយាយពីសិស្សពូកែៗរបស់ខ្មែរយើង ក៏មានសមត្ថភាពមិនចាញ់បរទេសប៉ុន្មានដែរហើយខុនដូជាច្រើនក៏សាងសង់ឡើងដោយកូនខ្មែរដែរ។ មានខុនដូ និងសំណង់ខ្ពស់ៗមួយចំនួនតូចប៉ុណ្ណោះដែលមិនមែនកូនខ្មែរជាអ្នកសាងសង់ ដូចជាខុនដូរបស់សិង្ហបុរី ឬក្រុមហ៊ុនធំៗរបស់ចិនជាដើម ដែលជួលស្ថាបត្យករបរទេស។ តែទោះជាយ៉ាងនេះក្តី កូនខ្មែរក៏អាចមានសមត្ថភាពធ្វើបានដូចគ្នាដែរ ហើយការដែលក្រុមហ៊ុនទាំងអស់នោះប្រើប្រាស់ជនបរទេសដើម្បីគូរប្លង់ ដោយសារគេចង់ប្រើប្រាស់អ្នកចេះដឹង ឬធនធានមនុស្សរបស់ប្រទេសគេផ្ទាល់។ ម្យ៉ាងទៀតសមត្ថភាពរបស់ខ្មែរបច្ចុប្បន្ននេះ គឺមានលទ្ធភាពគ្រប់គ្រាន់ហើយ ព្រោះបច្ចុប្បន្ននេះ មាននិស្សិតខ្មែរច្រើនណាស់ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតមកពីអឺរ៉ុប ឬមកពីជប៉ុនជាដើម។
បញ្ហាដែលគេមិនសូវប្រើប្រាស់ធនធានរបស់ខ្មែរ គឺភាគច្រើនមកពីម្ចាស់ខុនដូ និងគម្រោងធំៗដែលមានតម្លៃរាប់រយលានមិនទាន់ទុកចិត្តខ្មែរហើយគេចង់ផ្តល់ឱកាសឱ្យក្រុមហ៊ុនគ្នាគេដើម្បីទទួលធ្វើការងារទាំងអស់នោះ។ ទោះជាយ៉ាងនេះក្តីក៏មានក្រុមហ៊ុនខ្លះ (ក្នុងចំនួនតិចតួចនៅឡើយ) មិនបានធ្លាប់សាកល្បងសមត្ថភាពរបស់ស្ថាបត្យករខ្មែរយើង ហើយពេញចិត្តនឹងអ្វីដែលកូនខ្មែរអាចធ្វើបាននៅឡើយ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត ក្រុមហ៊ុនបរទេសកាន់តែច្រើនឡើងៗ នឹងមើលឃើញពីសមត្ថភាពពិតប្រាកដរបស់ស្ថាបត្យករខ្មែរយើង។
4. បើតាមការមើលឃើញរបស់លោកសាស្ត្រាចារ្យ ប្រសិនបើសំណង់ទំនើបរបស់ខ្មែរថ្មីៗបញ្ចូលនូវរចនាប័ទ្មខ្មែរ និងមានលក្ខណៈជាខ្មែរ តើអាចនឹងមានភាពល្អប្រសើរអ្វីខ្លះ?
តាមពិតទៅការបញ្ចូលលក្ខណៈបែបខ្មែរទៅក្នុងសំណង់អគារធំៗពិតជាល្អណាស់សម្រាប់កម្ពុជា ព្រោះវាបង្ហាញឱ្យដឹងថា អគារប្រណីតទាំងអស់នោះជារបស់ខ្មែរ។ គ្រាន់តែគេមើលមក គឺគេដឹងថាជារបស់ខ្មែរ នៅលើទឹកដីខ្មែរ។ បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់រួចហើយថា អគារថ្មីៗគួរមានរចនាប័ទ្មបែបខ្មែរ តែពេលខ្លះដោយសារអ្នកវិនិយោគធំៗ គេមានលុយច្រើនសម្រាប់សាងសង់ គេអាចសុំកែច្នៃជាលក្ខណៈពិសេសណាមួយជាដើម។
5. តើជំនាញស្ថាបត្យកម្មមានសក្តានុពលខ្លាំងប៉ុនណា?
សម្រាប់ជំនាញនេះពិតជាមានសក្តានុពលខ្ពស់ព្រោះសំណង់អគារនាពេលបច្ចុប្បន្ននេះកំពុងរីកដុះដាលច្រើន។ បើទោះបីជាបច្ចុប្បន្ននេះមាននិស្សិតសិក្សាជំនាញស្ថាបត្យកម្មច្រើនក៏ដោយ ក៏ថ្ងៃក្រោយនៅតែមានតម្រូវការខ្ពស់ដដែល ព្រោះនៅទីក្រុងយើងនៅត្រូវការអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ទាំងស្ពាន អគារធំៗ និងលំនៅឋានជាដើម។ ឱ្យតែនិស្សិតមានសមត្ថភាពពិតប្រាកដ មិនខ្វះទេការងារ ព្រោះគេប្រាកដជាត្រូវការយើង ជាក់ស្តែងស្ថាបត្យករខ្មែរយើងជើងចាស់ជាច្រើនត្រូវបានទទួលស្គាល់ ហើយត្រូវបានបរទេសជួលទៅធ្វើការងារឱ្យវិញក៏មាន។ មានស្ថាបត្យករខ្លះមានស្នាដៃរបស់ខ្លួននៅប្រទេសសិង្ហបុរី នៅអឺរ៉ុប និងនៅប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតផង។ ហើយចំពោះលោកតា វណ្ណ ម៉ូលីវណ្ណ វិញ ក៏មានស្នាដៃនៅបារាំង នៅប្រេ-ស៊ីល និងនៅប្រទេសធំៗមួយចំនួនទៀតដែលគេទទួលស្គាល់ដែរ។ ហេតុនេះទីផ្សារស្ថាបត្យកម្មនេះទូលំទូលាយណាស់សម្រាប់និស្សិតកម្ពុជា ព្រោះមិនមែនមានតែទីផ្សារក្នុងស្រុកទេ តែមានទីផ្សារនៅបរទេសថែមទៀតប្រសិនបើមានសមត្ថភាពខ្លាំង។
6. តើអ្នកសិក្សាលើជំនាញនេះ ត្រូវមានលក្ខណសម្បត្តិដូចម្តេចខ្លះ? ហើយបុគ្គលប្រភេទណាខ្លះដែលសមនឹងសិក្សាមុខវិជ្ជានេះ?
លក្ខណសម្បត្តិអ្នកដែលគួររៀនស្ថាបត្យកម្មគឺត្រូវមានទេពកោសល្យពីកំណើត ចូលចិត្តគូររូប មានចិត្តអំណត់ និងមានចរិតល្អ មិនវាយឫក មិនក្រអឺតក្រទម ដែលធ្វើឱ្យគេចូលចិត្តច្រើន ព្រោះស្ថាបត្យករជាអ្នកដែលចាំបាច់ត្រូវធ្វើការទាក់ទងជាមួយអតិថិជនឱ្យបានល្អ។ ម្យ៉ាងវិញទៀតពួកគាត់ក៏ត្រូវមានចំណេះដឹងពីវប្បធម៌ខ្មែរឱ្យបានច្បាស់លាស់ ហើយថែមទាំងដឹងពីវប្បធម៌បរទេសខ្លះផង ព្រោះអតិថិជនអាចជាជនជាតិបរទេស ស្ថាបត្យករចាំបាច់ត្រូវដឹងពីអ្វីដែលអតិថិជនចង់បាន។ ចំពោះអាស៊ីវិញ ក៏ចាំបាច់ត្រូវតែដឹងដូចគ្នា ជាពិសេសគឺអតិថិជនខ្លះចង់ដឹងពីហុងស៊ុយ ឬនិយាយចេញមកមានភាពទាក់ទាញ ដែលធ្វើឱ្យម្ចាស់គម្រោងសប្បាយចិត្ត ហើយមានភាពរីកចម្រើន។
ម្យ៉ាងវិញទៀត អ្នកដែលសិក្សាស្ថាបត្យកម្មក៏គួរតែជាមនុស្សអាចទុកចិត្តបាន មានភាពស្មោះត្រង់ និងទៀងទាត់ពេលវេលាល្អ ព្រោះពេលវេលាសម្រាប់ម្ចាស់គម្រោងមានតម្លៃខ្លាំងណាស់ កាលណាយើងធ្វើបានលឿនហើយល្អ គេនឹងពេញចិត្ត ហើយគាំទ្រយើងបន្តទៀត តែប្រសិនបើយើងមិនគោរពពេលវេលានោះយើងនឹងបាត់បង់តម្លៃ ហើយពេលនោះទោះមានស្នាដៃល្អក៏គេមិនសូវចង់បានដែរ។
7. តើស្ថាបត្យកម្មសិក្សាលើមុខវិជ្ជាសំខាន់ៗអ្វីខ្លះ?
ស្ថាបត្យកម្ម យើងសិក្សាលើមុខវិជ្ជាជាច្រើនដើម្បីឱ្យមានចំណេះដឹងទូលំទូលាយ និងភាពច្នៃប្រឌិតខ្ពស់។ នៅឆ្នាំទី1 និស្សិតត្រូវសិក្សាមុខវិជ្ជាគំនូរព្រាង គំនូរបច្ចេកទេស និងប្រវត្តិស្ថាបត្យកម្មទូទៅលើពិភពលោក ជាពិសេសយើងជាស្ថាបត្យករខ្មែរយើងចាំបាច់ត្រូវសិក្សាឱ្យបានស៊ីជម្រៅលើសិល្បៈវប្បធម៌ខ្មែរ។ ការសិក្សានេះមិនត្រឹមតែយើងត្រូវមើលលើសំណង់អគារនោះទេ តែយើងត្រូវសង្កេតឱ្យបានល្អិតល្អន់លើក្បូរក្បាច់រចនា និងសម្ភារប្រើប្រាស់របស់ខ្មែរដូចជាផ្តិល គ្រឿងអលង្ការ និងក្បាច់ក្បូរជាច្រើនផ្សេងទៀត ដើម្បីយកមូលដ្ឋាននៃក្បូរក្បាច់រចនាទាំងអស់នេះ ទៅដាក់បញ្ចូលក្នុងគម្រោងអគារដែលយើងរចនាឡើង។ បន្ទាប់មកទៀត ចាប់ពីឆ្នាំទី2ទៅ យើងសិក្សាប្រវត្តិស្ថាបត្យកម្មបន្តទៀត គឺយើងឈានទៅសិក្សាពីប្រវត្តិស្ថាបត្យកម្មនៃប្រទេសដែលមានអរិយធម៌ខ្ពស់ៗដូចជាឥណ្ឌា ចិន អារ៉ាប់ និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។ ក្រោយមកក៏ចាប់ផ្តើមរៀនផ្នែករោងជាងសម្រាប់គូរ និងធ្វើផ្ទះគំរូជាដើម មុននឹងឈានទៅដល់សិក្សាពីបច្ចេកវិទ្យាដោយកម្មវិធី Autocade, Sketchup ឬ 3D Max ជាដើម។ ហើយក្រោយមកទៀត យើងក៏ត្រូវសិក្សាពីមុខវិជ្ជារចនាប្រកបដោយនិរន្តរភាព (Sustainable Design) ដោយបញ្ចូលនូវគំនិត Green ដែល Green នៅកន្លែងនេះមិនមែនសំដៅយកតែភាពបៃតងក្នុងអគារដោយការដាក់រុក្ខជាតិនោះទេ តែត្រូវធ្វើយ៉ាងណាឱ្យមានការសន្សំសំចៃខ្ពស់ មានពន្លឺគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្គិសនីដែលមិនចាំបាច់ ហើយឱ្យមានប្រព័ន្ធខ្យល់ចេញចូល និងកសាងផាសុកភាពដោយប្រើប្រាស់ធម្មជាតិ។
បន្ទាប់មកទៀតយើងបន្តសិក្សាពីការរៀបចំសួនច្បារ (Landscape) ពីគម្រោងតូចៗរហូតដល់ការរៀបចំទីក្រុង (urbanization) ខ្នាតធំៗ ដូចជាធ្វើជាប្លង់ផ្លូវ ប្លង់តំបន់សម្រាប់អគារបុរាណ អគារទំនើប អគារទាប អគារខ្ពស់ និងរៀបចំប្រព័ន្ធផ្លូវឱ្យល្អ មិនស្ទះ ហើយងាយស្រួលរស់នៅ។ ជាពិសេសការសិក្សានេះគឺគេមិនចង់ឱ្យធ្វើបែបត្រង់ៗទេ តែធ្វើយ៉ាងណាគឺច្នៃឱ្យល្អទៅតាមធម្មជាតិ ហើយរក្សាធម្មជាតិ និងបរិស្ថានឱ្យបានល្អ។ ជាពិសេសនៅកម្ពុជាយើង ក៏នៅខ្វះខាតដែរជំនាញផ្នែកនេះ ព្រោះនៅស្រុកយើងមានបញ្ហាខ្លះដែលត្រូវឈូសឆាយពីកន្លែងមួយមកកន្លែងមួយ បន្ទាប់មកក៏លុបកន្លែងដែលជីកនោះ ហើយធ្វើសំណង់វិញ ដែលនាំឱ្យមានការខាតបង់ច្រើនណាស់ ហើយសកម្មភាពនោះក៏កើតមានច្រើនដែរដែលត្រូវជីកពីមួយកន្លែងលុបមួយកន្លែង ពេលត្រូវប៉ាន់ ក៏ជីកដីពីកន្លែងផ្សេងមកលុបកន្លែងនេះវិញ។ តែនៅបរទេសវិញ ជាឧទាហរណ៍នៅប្រទេសបារាំង គេរក្សាធម្មជាតិបានល្អ ទោះផ្ទះនៅលើទួល ឬលើភ្នំក៏ដោយ ក៏គេច្នៃបានល្អទៅតាមទម្រង់ធម្មជាតិ គ្មានការឈូសឆាយពង្រាបឱ្យស្មើនោះទេ ពេលគេរៀបចំទៅគឺមានលក្ខណៈល្អប្លែក។
8. មានមតិខ្លះលើកឡើងថា ស្ថាបត្យកម្មសម្រាប់តែបុរស មិនមែនសម្រាប់ស្ត្រីទេ។ តើលោកសាស្ត្រាចារ្យយល់យ៉ាងណាដែរចំពោះបញ្ហានេះ?
សម្រាប់ខ្ញុំ ខ្ញុំគិតថាមុខវិជ្ជាស្ថាបត្យកម្មសម្រាប់ទាំងអស់គ្នា មិនថាស្រី ឬប្រុសនោះទេ សុទ្ធតែអាចរៀនបាន ព្រោះពេលចេញធ្វើការ យើងគ្រាន់តែគូរប្លង់មិនមែនសាងសង់ដោយផ្ទាល់នោះទេ។ សម្រាប់និស្សិតស្រី បើទោះបីជាគាត់សិក្សាផ្នែកវិស្វកម្មក៏-ដោយចុះ ក៏គាត់មិនមែនទៅលើកដែកដែរ ការងាររបស់គាត់ គឺគ្រាន់តែធ្វើប្លង់ ទៅការដ្ឋានគ្រាន់តែកាន់ប្លង់ត្រួតពិនិត្យប៉ុណ្ណោះ។ នៅស្រុកគេមានទាំងស្ថាបត្យករ និងវិស្វករជាស្រីច្រើនណាស់ ហើយពេលខ្លះស្រីៗអាចធ្វើបានល្អជាងមនុស្សប្រុសផង។ សម្រាប់នៅសាកលវិទ្យាល័យបៀលប្រាយនេះនិស្សិតស្រី និងប្រុស រៀនផ្នែកស្ថាបត្យកម្មមានចំនួនប្រហែលគ្នា ខុសគ្នាតែមុខវិជ្ជាវិស្វកម្មទេដែលមនុស្សប្រុសរៀនច្រើនជាង។ចំពោះមុខវិជ្ជាស្ថាបត្យកម្មត្រូវការការសង្កេតច្រើន ចងចាំក្បួនខ្នាត និងក្បាច់ច្រើន ហេតុនេះពេលខ្លះក៏មានលក្ខណៈល្អផងដែរសម្រាប់ស្ត្រី ប្រសិនបើគាត់សិក្សាផ្នែកនេះ ព្រោះគាត់អាចបង្កើតបាននូវប្លង់ស្ថាបត្យកម្មបានល្អទៅតាមភាពច្នៃប្រឌិតរបស់គាត់។
9. តើការសិក្សាមុខវិជ្ជាស្ថាបត្យកម្មត្រូវចំណាយប្រាក់ច្រើនដែរឬទេ? ប្រសិនបើនិស្សិតមិនសូវមានធនធានតើត្រូវធ្វើដូចម្តេចខ្លះដើម្បីសិក្សាបាន?
ការសិក្សាមុខវិជ្ជាស្ថាបត្យកម្មត្រូវចំណាយច្រើនបន្តិច ព្រោះត្រូវការសម្ភារបរិក្ខារច្រើនសម្រាប់ធ្វើជាផ្ទះគំរូ ជាមាត្រដ្ឋានតូចៗ ត្រូវការកុំព្យូទ័រធំជាងកុំព្យូទ័រធម្មតា និងត្រូវការដើរច្រើនដើម្បីសង្កេតពីក្បូរក្បាច់រចនាជាដើម។ ទោះជាយ៉ាងនេះក្តី អ្នកដែលមិនសូវសម្បូរធនធានក៏អាចសិក្សាបានដែរ ព្រោះគាត់អាចប្រើប្រាស់កុំព្យូទ័ររបស់សាលា ឬទិញកុំព្យូទ័រលើតុ (Desktop) សម្រាប់អនុវត្តនៅផ្ទះ ក្នុងតម្លៃធូរថ្លៃជាង Laptop សម្រាប់រៀនបាន។
ម្យ៉ាងវិញទៀតគាត់អាចស្វែងរកកម្ចីពីសាកលវិទ្យាល័យ ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម សម្រាប់សិក្សាបាន។ ក្រោយពេលគាត់សិក្សាចប់ គាត់អាចបង់សងរំលោះវិញបាន។
ជាវិធីល្អមួយទៀតសម្រាប់និស្សិតដែលមានជីវភាពខ្សត់ខ្សោយ គាត់អាចសិក្សាផងធ្វើការជាក់ស្តែងផងនៅចុងឆ្នាំទី2។ ការធ្វើបែបនេះអាចធ្វើឱ្យគាត់ទទួលបានទាំងថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សា និងបទពិសោធន៍ការងារផ្ទាល់ ព្រោះគាត់រៀនបានប៉ុណ្ណេះគាត់អាចជួយគូរគេបាន។
10. តើការសិក្សាមុខវិជ្ជានេះមានបញ្ហាប្រឈមអ្វីខ្លះ?
សម្រាប់កត្តាប្រឈមមិនមានច្រើនពេកទេសម្រាប់ការសិក្សាមុខវិជ្ជានេះ អ្វីដែលធ្វើឱ្យសិស្សលំបាកនោះ គឺអាចពាក់ព័ន្ធនឹងកត្តាក្នុងខ្លួន ព្រោះសិស្សខ្លះគាត់មិនសូវខិតខំស្របពេលដែលមុខវិជ្ជានេះត្រូវអនុវត្តច្រើន គាត់អាចតាមមិនទាន់គេ។ ចំពោះនិស្សិតខ្លះគាត់ខិតខំប្រឹងប្រែងដែរ តែគាត់មិនមានទេពកោសល្យ ហេតុនេះគាត់ធ្វើមិនបានល្អ ខ្វះការច្នៃប្រឌិត និងគូរមិនសូវបានស្អាត។ ហេតុនេះមុខវិជ្ជានេះទាមទារឱ្យមានការខិតខំប្រឹងប្រែងឱ្យបានខ្លាំង ច្បាស់លាស់ និងយកចិត្តទុកដាក់ផង និងមានទេពកោសល្យសិល្បៈផងដែរ។ កន្លងមកក៏មានសិស្សខ្លះបោះបង់ការរៀនផ្នែកនេះដែរ តែតិចតួចខ្លាំងណាស់។ ក្នុងចំណោមសិស្សរាប់រយនាក់អាចមានត្រឹមតែ 2នាក់ ឬម្នាក់ប៉ុណ្ណោះដែលប្តូរចេញ។
11. សម្រាប់សាកលវិទ្យាល័យ បៀលប្រាយ តើអ្វីជាលក្ខណៈពិសេសក្នុងការបណ្តុះបណ្តាលផ្នែកស្ថាបត្យកម្មនេះ?
សម្រាប់សាកលវិទ្យាល័យ បៀលប្រាយ យើងមានសាស្ត្រាចារ្យប្រកបដោយបទពិសោធន៍ខ្ពស់ មានទាំងសញ្ញាបត្រគុណវុឌ្ឍត្រឹមត្រូវ និងធ្លាប់ធ្វើការងារច្រើនជាមួយនឹងជំនាញតែម្តង ហេតុនេះការបណ្តុះបណ្តាលរបស់ពួកគាត់មានភាពច្បាស់លាស់ដែលអាចធ្វើឱ្យនិស្សិតចេញកមមានទាំងសមត្ថភាព និងលទ្ធភាពខ្ពស់ក្នុងការធ្វើការងារ ឬប្រកួតប្រជែងក្នុងទីផ្សារការងារនៅកម្ពុជា។
12. តើលោកសាស្ត្រាចារ្យមានមតិផ្តាំផ្ញើអ្វីខ្លះសម្រាប់និស្សិត និងសាធារណជនកម្ពុជា?
សម្រាប់ខ្ញុំ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនៗដែលទើបប្រឡងជាប់បាក់ឌុប ឬមិនជាប់បាក់ឌុបក្តី ត្រូវមើលឃើញថាស្ថាបត្យកម្ម និងវិស្វកម្ម ជាមុខវិជ្ជាមួយដែលសង្គមកំពុងត្រូវការខ្លាំងណាស់។ យើងត្រូវខិតខំប្រឹងប្រែងក្នុងការសាងសង់ដើម្បីបង្ហាញបរទេសពីភាពប៉ិនប្រសប់របស់យើង ឱ្យគេមើលឃើញពីបរិស្ថានយើងល្អ និងគុណភាពសំណង់ដែលធ្វើឱ្យការរស់នៅរបស់យើងមានភាពល្អប្រសើរ។ នៅពេលនោះគេនឹងចាប់អារម្មណ៍បណ្តាក់ទុន និងចូលមកកម្ពុជាយើងកាន់តែច្រើនឡើង។
នៅកម្ពុជាយើងបច្ចុប្បន្ន យើងនៅមានចំណុចខ្វះខាតច្រើនណាស់ អគារយើងនៅចាញ់គេនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាង ដោយរាប់ចាប់តាំងពីអគារ ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ស្ពានក៏ចាំបាច់ត្រូវមានគម្រោងស្ថាបត្យកម្មដែរ មិនមែនត្រូវធ្វើឡើងត្រង់ៗនោះទេ គេសង់ឡើងដោយការរចនាស្អាត ហើយមានលក្ខណៈប្លែកៗពីគ្នា។
ខ្ញុំសូមលើកពីរឿងល្អមួយនៅប្រទេសអូស្ត្រាលី ក្នុងបុរី និងគម្រោងលំនៅឋានរបស់គេបើមានផ្ទះ 500ខ្នង គេធ្វើម៉ូដខុសៗគ្នាបន្តិចៗទាំង 500ខ្នងនោះ។ ពេលធ្វើបែបនេះវាបានក្លាយជារចនាប័ទ្មប្លែក ហើយក៏ជាការជួយដល់ស្ថាបត្យករផងដែរ ព្រោះគាត់បានបញ្ចេញស្នាដៃរបស់គាត់សម្បូរបែប មិនមែនគូរម៉ូដតែមួយហើយធ្វើរាប់ពាន់ផ្ទះនោះទេ។ ការលើកទឹកចិត្តដល់ស្ថាបត្យករបែបនេះ សំខាន់ណាស់ ព្រោះវាធ្វើឱ្យតម្លៃនៃកម្មសិទ្ធិបញ្ញាមានតម្លៃ ហើយអ្នកធ្វើក៏មានទឹកចិត្តក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងដែរ។
ការធ្វើបែបនេះ ច្បាស់ណាស់ វាអាចធ្វើឱ្យតម្លៃលំនៅឋានកើនឡើង តែវាមិនកើនឡើងខ្លាំងនោះទេ ព្រោះផ្ទះបច្ចុប្បន្នដែលថ្លៃៗ គឺដោយសារតែតម្លៃដីថ្លៃ មិនមែនដោយសារតែតម្លៃអគារនោះទេ ហេតុនេះតម្លៃកើនឡើងតិចតួច តែផ្ទះនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន៕
ប្រភពរបស់ ឡារ៉ែន