សាកលវិទ្យាល័យបៀលប្រាយបង្កើតកម្មវិធីផ្តល់ឱកាសការងារដល់និស្សិតរាប់ពាន់នាក់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយក្រុមហ៊ុនឯកជនជាច្រើនបង្កើតពិព័រណ៍ការងារនៅទីតាំងសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាឱ្យទទួលបានការងារដែលខ្លួនស្រឡាញ់ពេញចិត្ត និងសម្រេចក្តីស្រមៃរបស់ខ្លួន។
លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសាធារណៈនៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា នេះជាលើកទី5 ហើយដែលសាកលវិទ្យាល័យបៀលប្រាយបានរៀបចំពិព័រណ៍ការងារនេះឡើង ហើយក្នុងពិព័រណ៍នៅឆ្នាំនេះក្រុមហ៊ុនដែលចូលរួមមានការកើនឡើង ស្របពេលដែលនិស្សិតដែលចាប់អារម្មណ៍ក៏មានការកើនឡើងជាងឆ្នាំមុនៗផងដែរ។ នេះជាឱកាសដ៏ពិសេសមួយដែលសាកលវិទ្យាល័យបៀលប្រាយរៀបចំឡើងសម្រាប់ផ្តល់ឱកាសឱ្យនិស្សិតអាចដាក់ពាក្យធ្វើការងារដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗនៅកម្ពុជា។
លោក អ៊ីន វីរជ័យ បានមានប្រសាសន៍ថា៖ «នៅក្នុងពិព័រណ៍ការងារឆ្នាំ 2018 នេះយើងបានរៀបចំយ៉ាងហ្មត់ចត់ ដោយនិស្សិតអាចមានឱកាសជួបផ្ទាល់ៗជាមួយតំណាងក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិក មានរៀបចំសិក្ខាសាលាដែលមានអ្នកជំនាញចូលរួមពាក់ព័ន្ធនឹងការងារ និងមានបន្ទប់សម្ភាសការងារនៅនឹងកន្លែងផងដែរ»។
លោកសាកលវិទ្យាធិការរង បានបន្ថែមទៀតថា ការរៀបចំកម្មវិធីយ៉ាងមានសារៈសំខាន់នេះ បានឆ្លើយតបទៅនឹងតម្រូវការសំខាន់របស់និស្សិតដែលស្វែងរកការងារធ្វើ និងក្រុមហ៊ុននានាដែលកំពុងត្រូវការបុគ្គលិកផងដែរ។ ហើយជារៀងរាល់ឆ្នាំក្រុមហ៊ុននីមួយៗអាចជ្រើសរើសបុគ្គលិកបានច្រើន ដែលមានបុគ្គលិកខ្លះប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ព្រោះគាត់បានជ្រើសរើសបុគ្គលិកចេញពីគ្រឹះស្ថានអប់រំតែម្តង។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារឆ្នាំ2018 ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបៀលប្រាយ ដោយមានការចូលរួមពីពីដៃគូក្រុមហ៊ុន និងសហគ្រាសល្បីៗជាច្រើន ដើម្បីផ្តល់ឱកាសដល់និស្សិត និង បុគ្គលិកសិក្សារាប់ពាន់នាក់ក្នុងការបង្កើតទំនាក់ទំនង និងសិក្សាស្វែងយល់អំពីផលិតផល សេវាកម្ម បច្ចេកវិទ្យាថ្មីៗ បទពិសោធ និងការអនុវត្តជាក់ស្តែង តាមរយៈវេទិកាបទបង្ហាញនៃវាគ្មិនល្បីៗ មកពីក្រុមហ៊ុនទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នៃពិព័រណ៍ការងារនេះ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺនិស្សិតទាំងអស់នឹងទទួលបានឱកាសការងារតាមរយៈការសម្ភាសដោយផ្ទាល់នៃថ្នាក់ដឹកនាំមន្ត្រីគ្រប់គ្រងធនធានមនុស្សមកពីក្រុមហ៊ុនល្បីៗ ចំនួន 27៕