លោក អីុន វីរជ័យ៖ ការសិក្សាជាការវិនិយោគដែល ទទួលបានប្រាក់ចំណូលឥតព្រំដែនពេញមួយជីវិត
ការសិក្សាគឺជាវិថីដ៏សំខាន់មួយសម្រាប់ផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរឡើង ព្រោះមានតែការសិក្សាទេដែលអាចធ្វើឱ្យមនុស្សក្លាយជាអ្នកដែលមានមូលដ្ឋាននៃចំណេះដឹងគ្រប់គ្រាន់ដើម្បីក្លាយជាបុគ្គលប្រកបដោយឧត្តមភាពសម្រាប់ការរស់នៅ និងមានតម្លៃសម្រាប់មនុស្សជាតិ។ ការសិក្សាផ្តល់មកនូវគុណតម្លៃ និងផលប្រយោជន៍ច្រើនបំផុតសម្រាប់បុគ្គលម្នាក់ៗ សង្គម និងពិភពលោក ព្រោះផ្តើមចេញពីការសិក្សា មនុស្សអាចដោះស្រាយបញ្ហានានា បង្កើតសមិទ្ធផលថ្មីៗដើម្បីធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង។
ដោយមើលឃើញថា ការអប់រំមានសារៈសំខាន់ អ្នកយកព័ត៌មាននៃកាសែតឡារ៉ែនពាណិជ្ជ បានសម្ភាសជាមួយលោកសាស្ត្រាចារ្យ អុីន វីរជ័យ សាកលវិទ្យាធិការរងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសាធារណៈនៃសាកលវិទ្យាល័យបៀលប្រាយ ដើម្បីជាប្រយោជន៍សម្រាប់សិស្សដែលទើបបញ្ចប់ការ-សិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិត្រៀមខ្លួនដើម្បីសម្រេចចិត្តក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។
1. តើសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិហើយថ្មីៗគួរត្រៀមខ្លួនអ្វីខ្លះ?
ជាដំបូងខ្ញុំសូមអបអរសាទរ ចំពោះសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាដោយជោគជ័យទាំង 112,061នាក់ដែលបានចេញពីប្រអប់នៃកម្រិតចំណេះដឹងទូទៅ តែខ្ញុំចង់បញ្ជាក់ផងដែរថាត្រឹមរយៈពេល 12ឆ្នាំនៃការសិក្សានេះមិនទាន់គ្រប់គ្រាន់ទេសម្រាប់ការអភិវឌ្ឍជីវិត។ ប្អូនៗទាំងអស់គ្នាចាំបាច់ត្រូវតែបន្តការសិក្សាទៅមុខទៀត ព្រោះវាមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ការបញ្ចប់ការសិក្សាត្រឹមតែរយៈពេល12ឆ្នាំ ហើយចេញធ្វើការងារ ភ្លាមៗនោះ។ ជីវិតក្នុងសង្គមជាក់ស្តែង ទោះធ្វើការងារក៏ដោយ ធ្វើអាជីវកម្មក៏ដោយ ឬប្រកបអាជីពណាមួយក៏ដោយ ចាំបាច់ត្រូវការជំនាញពិតប្រាកដមួយដែលទាមទារឱ្យត្រូវតែបន្តការសិក្សាបន្ថែមទៀត ហើយចំពោះគ្រឹះស្ថានឧត្តមសិក្សាវិញ ប្អូនៗត្រូវតែចេះជ្រើសរើសកន្លែងដែលផ្តល់ការសិក្សា និងគុណភាពច្បាស់លាស់ដល់ប្អូនពិតប្រាកដ ដើម្បីឱ្យប្អូនអាចអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកភាពជាអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិបាន។ ចំណុចដែលត្រូវគិតគឺ៖
ទី1 គឺក្នុងចំណោមគ្រឹះស្ថានសិក្សាទាំង110 នោះមានទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ក្នុងនោះមានដូចជាមជ្ឈមណ្ឌល សាលាជំនាញ វិទ្យាស្ថានបណ្តុះបណ្តាល មហាវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម។ កន្លែងទាំងអស់នោះសុទ្ធតែជាកន្លែងបណ្តុះបណ្តាលសមត្ថភាពឱ្យក្លាយជាអ្នកជំនាញដូចគ្នា តែសម្រាប់ខ្ញុំ ខ្ញុំសូមផ្តល់យោបល់ថា គួរតែចាប់យកសាកលវិទ្យាល័យ ព្រោះវាមានវិសាលភាពធំជាគេ។
ចំណុចទី2 បើជ្រើសរើសសាកលវិទ្យាល័យត្រូវជ្រើសរើសយកសាកលវិទ្យាល័យណាដែលមានការរៀបចំច្បាស់លាស់ ដោយសាកលវិទ្យាល័យនោះចាំបាច់ត្រូវតែមានមហាវិទ្យាល័យយ៉ាងតិច 5ខុសៗគ្នា។ ចំណុចនេះគឺស្របតាមស្តង់ដារ និងការកំណត់របស់ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ដែលតម្រូវឱ្យសាកលវិទ្យាល័យចាំបាច់ត្រូវតែមានមហាវិទ្យាល័យ 5នៅក្នុងនោះ។
ចំណុចទី3 គឺត្រូវមើលពីភាពចាស់ទុំ (seniority) ដែលយ៉ាងហោចណាស់សាកលវិទ្យាល័យនោះត្រូវមានអាយុចាប់ពី 10ឆ្នាំ ទៅ15ឆ្នាំដែរ ព្រោះសាកលវិទ្យាល័យដែលមានបទពិសោធយូរឆ្នាំអាចបង្ហាញលទ្ធផលឱ្យយើងអាចមើលឃើញបានថា និស្សិតដែលចេញពីសាកលវិទ្យាល័យនោះមានគុណភាព និងការងារល្អកម្រិតណាខ្លះ ហើយម្យ៉ាងវិញទៀតត្រូវមានភាពចាស់ទុំក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងឱ្យបានល្អផងដែរ។
ចំណុចទី4 គឺត្រូវចេះសង្កេតមើលថា តើនិស្សិតនៅក្នុងសាកលវិទ្យាល័យនោះច្រើនប៉ុនណា មិនមែនសាកលវិទ្យាល័យមួយមានមនុស្សតែជាង 100នាក់នោះទេ គឺគាត់ទទួលបានការគាំទ្រ និងមានសិស្សដែលមានគុណភាពពិតប្រាកដ ដែលធ្វើឱ្យអ្នកជំនាន់ក្រោយៗទុកចិត្ត ហើយបន្តការសិក្សានៅសាកលវិទ្យាល័យនោះបន្តទៀត។
2. លោកបានបញ្ជាក់ហើយថា រយៈពេល 12ឆ្នាំនេះមិនគ្រប់គ្រាន់ទេ ហេតុនេះត្រូវបន្តការសិក្សា។ តើសិស្សគួរធ្វើយ៉ាងណាដើម្បីសម្រេចចិត្តថា ខ្លួនគាត់ត្រូវចាប់យកអាជីពមួយណាដើម្បីឱ្យត្រូវនឹងខ្លួនគាត់?
ខ្ញុំសូមផ្តល់យោបល់ថា ប្អូនៗដែលចង់ជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវសម្រាប់ចាប់យកធ្វើជាអាជីពខ្លួនឯង គួរតែសម្រេចចិត្តតាមចក្ខុវិស័យ ឬសុបិនរបស់ខ្លួនឯងផ្ទាល់ ថាតើយើងចង់ក្លាយជាអ្វីឱ្យពិតប្រាកដនៅថ្ងៃអនាគត។ ហើយម្យ៉ាងវិញ-ទៀត យើងពេញចិត្តមុខវិជ្ជានោះខ្លាំងប៉ុនណាប្រសិនបើយើងពេញចិត្តហើយ សូមជ្រើសរើសយកអាជីពនោះ កុំរារែកតាមកត្តាខាងក្រៅផ្សេងៗឱ្យសោះ។ ម្យ៉ាងវិញទៀត សិស្សក៏គួរតែព្យាយាមស្វែងយល់ផងដែរពីទីផ្សារការងារ និងចរន្តសេដ្ឋកិច្ចរបស់សង្គមថា តើគេត្រូវការជំនាញអ្វីខ្លះ?។ តែទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែលើកទឹកចិត្តឱ្យធ្វើតាមអ្វីដែលយើងស្រឡាញ់ ឬចក្ខុវិស័យផ្ទាល់ខ្លួនព្រោះបើយើងស្រឡាញ់វាពិតប្រាកដ យើងអាចនឹងរីកចម្រើនលឿន។
ជាឧទាហរណ៍ពីមុនគេពេញនិយមគយ គាត់សម្រុកទៅរៀនផ្នែកនោះខ្លាំង ជំនាន់ក្រោយទៀតគេពេញនិយមពេទ្យ ក៏សម្រុកទៅពេទ្យ ហើយក្រោយមកទៀតពេញនិយមគ្រូ និងពេញនិយមអាជីពផ្សេងៗទៀត ដែលធ្វើឱ្យសិស្ស-និស្សិតជាច្រើនរេចុះរេឡើង ដល់ពេលរៀនពិតប្រាកដមិនមាននិស្ស័យរៀន ក៏រៀនមិនដល់ត្រើយ ហើយក៏បោះបង់ទៅវិញដែលនាំឱ្យមានការខាតបង់ទាំងលុយកាក់ និងពេលវេលា។
មានអ្នកខ្លះគាត់ផ្លាស់ប្តូរគោលដៅតាមរយៈការងារដែលគាត់កំពុងធ្វើបច្ចុប្បន្ន ជាឧទាហរណ៍មនុស្សមួយចំនួនគាត់បានចូលធ្វើការងារផ្នែកគិតលុយ (cashier) បន្ទាប់មកគាត់ក៏ងាកមករៀនតែជំនាញណាដែលពាក់ព័ន្ធនឹងរឿងលុយជុំវិញតែការងារគិតលុយរបស់គាត់ តែពេលសួរគាត់ពិតប្រាកដគាត់ថា ពីមុនគាត់ធ្លាប់ស្រមៃចង់ក្លាយជាអ្នករកស៊ី អ្នករៀបចំយុទ្ធសាស្រ្តទីផ្សារ មិនមែនការងារត្រឹមតែជាអ្នកគិតលុយនោះទេ។ ចំពោះអ្នកខ្លះទៀត គាត់ចាប់ផ្តើមរៀនបណ្តើរ គាត់បានចូលធ្វើការងាររដ្ឋ គាត់ក៏ចាប់ផ្តើមផ្លាស់ប្តូរទៅរៀនច្បាប់ រៀនរដ្ឋបាលសាធារណៈ ភ្លេចចក្ខុវិស័យខ្លួនឯង ដែលចង់ក្លាយជាអ្នកជំនាញផ្នែកវិស្វកម្មជាដើម។ ចំណុចនេះ អាចរាំងស្ទះដល់ការអភិវឌ្ឍសមត្ថភាពរបស់គាត់ផងដែរ ហេតុនេះសូមចាំថាចំណុចអាទិភាព គឺកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឯង។កុំបណ្តោយឱ្យខ្សែជីវិតត្រូវរាំងស្ទះ ហើយបាត់បង់ឱកាសអភិវឌ្ឍន៍ឆ្ពោះទៅរកភាពថ្កុំថ្កើងនៅថ្ងៃអនាគតព្រោះតែផលប្រយោជន៍ភ្លាមៗ ហើយភ្លេចខ្លួន។
3. សម្រាប់អ្នកដែលនៅតាមបណ្តាខេត្ត គាត់តែងតែព្រួយបារម្ភច្រើនពីការបន្តការសិក្សា ខុសពីអ្នកនៅទីក្រុងដែលមានគ្រឹះស្ថានអប់រំច្រើន។ តើគាត់គួរត្រៀមខ្លួនបែបណាខ្លះដើម្បីបន្តការសិក្សានៅពេលខាងមុខនេះ?
បាទពិតណាស់ ពីមុនអ្នកនៅតាមបណ្តាខេត្តគាត់តែងតែបារម្ភពីការធ្វើដំណើរ បញ្ហាចេញឆ្ងាយពីគ្រួសារ កត្តាជីវភាព ហើយបើចំពោះស្ត្រីវិញគាត់បារម្ភពីកត្តាសុវត្ថិភាព និងសុខភាពជាដើម តែខ្ញុំគិតថាមកដល់ពេលនេះស្ថានភាពវាប្រសើរជាងមុនច្រើន។ ក្នុងចំណោមសាកលវិទ្យាល័យទាំង 110នៅកម្ពុជា ក៏មានសាកលវិទ្យាល័យខ្លះបើកនៅតាមបណ្តាខេត្តដែរ។ ហេតុនេះពួកគាត់ក៏អាចមានជម្រើសដើម្បីសិក្សានៅតាមបណ្តាខេត្តបាន ព្រោះការធ្វើបែបនេះគឺយើងចង់លើកទឹកចិត្តឱ្យមានការសិក្សាដោយរុញគ្រឹះស្ថានសិក្សាឱ្យទៅដល់កន្លែងពួកគាត់រស់នៅតែម្តង។ សូមបញ្ជាក់ផងដែរថាស្តង់ដារនៃការអប់រំ បណ្តុះបណ្តាលទោះនៅខេត្ត ឬរាជធានី គឺស្ថិតក្រោមការគ្រប់គ្រង និងស្តង់ដារដូចគ្នា ហេតុនេះគុណភាពក៏មិនខុសគ្នាដែរ។
ម្យ៉ាងវិញទៀត ប្រសិនបើមានអ្នកខ្លះគាត់ចង់បន្តការសិក្សានៅទីក្រុង តែគាត់មិនមានជីវភាពគ្រប់គ្រាន់ គាត់ក៏អាចទាក់ទងដើម្បីស្នើសុំកម្ចីសម្រាប់ការសិក្សាផងដែរ ដោយគាត់អាចបង់តែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះជាក់ស្តែង ឥឡូវនេះសាកលវិទ្យាល័យ បៀលប្រាយ បានសហការជាមួយដៃគូផ្តល់កម្ចីដល់សិស្សដែលសិស្សអាចខ្ចីទុនដើម្បីរៀនដោយធ្វើការបង់រំលស់មកវិញបាន ឬអាចមានគ្រឹះស្ថានខ្លះផ្តល់កម្ចីរហូតដល់រៀនចប់មានការងារធ្វើទើបបង់វិញសងក៏បានដែរ។ ហើយចំពោះកម្ចីសិក្សានេះគឺមានការប្រាក់ទាបបំផុត ព្រោះគេចង់លើកទឹកចិត្តឱ្យមានការសិក្សាថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន។
ខ្ញុំចង់បញ្ចាក់ផងដែរថា មានសិស្សតែប្រមាណ 20%ប៉ុណ្ណោះដែលបានបញ្ចប់ការសិក្សានៅមហា-វិទ្យាល័យ ហេតុនេះយើងត្រូវការធនធានមនុស្សជាច្រើនបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍសង្គម ឬបង្កើតអាជីវកម្មថ្មីៗ ដើម្បីបង្កើនពន្ធជូនរដ្ឋ អភិវឌ្ឍនៅនឹងកន្លែង និងទាញយកធនធានមនុស្សជាច្រើនផ្សេងទៀតឱ្យមានការងារល្អធ្វើ។
4. ចំពោះកម្ចីសិក្សានេះ តើមានលក្ខខណ្ឌអ្វីខ្លះ? ហើយធ្វើដូចម្តេចខ្លះទើបនិស្សិតអាចដាក់ពាក្យស្នើសុំបាន?
កម្ចីសិក្សានេះមានលក្ខណៈងាយស្រួល ហើយក៏សម្រួលដល់សិស្សច្រើនណាស់ដែរ ព្រោះនិស្សិតដែលដាក់ពាក្យស្នើសុំកម្ចីមិនចាំបាច់ត្រូវការទ្រព្យតម្កល់នោះទេ គាត់គ្រាន់តែមានការធានាពីបងប្អូន ឬអាណាព្យាបាលជាការស្រេច។ ម្យ៉ាងវិញទៀតដូចខ្ញុំបញ្ជាក់ខាងដើមថា ការប្រាក់សម្រាប់គាត់មានលក្ខណៈទាបជាងកម្ចីដទៃទៀត។
ចំពោះលក្ខខណ្ឌវិញ គឺគាត់មានជម្រើសមួយចំនួនគឺ ខ្ចីសម្រាប់រៀនបណ្ដើរបង់បណ្តើរក៏បានឬចង់រៀនហើយមានការងារធ្វើ ចាំបង់សងវិញក៏បាន។ សម្រាប់សាកលវិទ្យាល័យ បៀលប្រាយយើងបានសហការជាមួយដៃគូជាច្រើនដើម្បីផ្តល់កម្ចីដល់សិស្ស ព្រោះយើងមិនគិតប្រាក់ចំណេញជាចំណុចចម្បងនោះទេ តែអ្វីដែលយើងផ្តោត គឺផ្តល់ឱកាសសម្រាប់ការជំរុញឱ្យមានធនធានមនុស្សកាន់តែច្រើនដើម្បីអភិវឌ្ឍសង្គម។
ទោះបីជានាពេលបច្ចុប្បន្ននេះ សិស្សដែលដាក់ពាក្យសុំកម្ចីសម្រាប់ការសិក្សានេះមិនមានចំនួនច្រើនខ្លាំងក៏ដោយ តែយើងឃើញថាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យើងនឹងបន្ត ផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យសិស្ស-និស្សិតបានយល់ពីសារៈសំខាន់របស់វា ហើយហ៊ានវិនិយោគជាមួយនឹងការអប់រំ។
5. សិស្សជាច្រើននាពេលបច្ចុប្បន្ននេះតែងតែខ្លាចថា រៀនហើយមិនមានការងារធ្វើ ហើយមិនហ៊ានសម្រេចចិត្តដើរចូលគ្រឹះស្ថានឧត្តមសិក្សា តើលោកមានមតិអ្វីខ្លះជុំវិញបញ្ហានេះ?
មនុស្សជាច្រើនៗគិតថា រកស៊ីតែងតែសំដៅលើចំណេញ និងខាត តែអ្វីដែលសំខាន់សម្រាប់អ្នកដែលមិនហ៊ានសម្រេចចិត្តនោះគឺគាត់មិនហ៊ានវិនិយោគតែម្តង។ ចំណេញ និងខាត វាស្ថិតនៅជាមួយគ្នា ហេតុនេះទាល់តែហ៊ានខាតទើបអាចចំណេញ បើមិនហ៊ានទាំងដាក់ទុនផង តើបានចំណេញមកពីណា? នេះជាជ្រុងមួយនៃការរកស៊ី។ ចំណែកឯការអប់រំវិញក៏ស្រដៀងគ្នាដែរ តែមិនដូចគ្នាទាំងអស់នោះទេ ព្រោះការអប់រំជាការវិនិយោគដែលចំណេញបំផុត។ សម្រាប់មតិខ្ញុំ ខ្ញុំតែងតែលើកឡើងថា ការចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ គឺជាការវិនិយោគដែលទទួលបានប្រាក់-ចំណូលឥតព្រំដែនពេញមួយជីវិត។
កំហុសធំមួយសម្រាប់អ្នកលក់ គឺតែងតែសួរថា គេទិញ ឬអត់? ហើយទំនិញនោះលក់ដាច់ឬអត់? តែពេលអ្នកទិញសួរវិញថា មានអ្វីលក់ខ្លះ? គាត់បែរជាឆ្លើយមិនចេញ ឬរករបស់លក់ឱ្យគេមិនបាន។ ឆ្លុះបញ្ចាំងពីរឿងនេះ គឺខ្ញុំចង់ឱ្យសិស្សទាំងអស់កុំទាន់គិតថា រៀនចប់រកការងារធ្វើមិនបាន តែត្រូវហ៊ានវិនិយោគខ្លួនឯងដោយបន្តការសិក្សានៅសាកលវិទ្យាល័យដើម្បីធ្វើឱ្យខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សិន ដើម្បីឆ្លើយតបនឹងទីផ្សារការងារដែលគេកំពុងតែត្រូវការ។ ជាក់ស្តែង ក្រុមហ៊ុននៅកម្ពុជាច្រើនណាស់ដែលកំពុងត្រូវការមនុស្សដែលមានសមត្ថភាពធ្វើការងារ ខ្លាចតែរៀនមិនចេះ ឬសមត្ថភាពខ្សោយទេ ទើបរកការងារធ្វើមិនបាន ហេតុនេះអ្វីដែលគាត់ត្រូវធ្វើមិនមែនដេកភ័យទេតែត្រូវតស៊ូអភិវឌ្ឍខ្លួនឯង ដោយខិតខំយកចិត្តទុកដាក់លើការរៀនសូត្រឱ្យមានគុណភាព និងសមត្ថភាពខ្លាំង ព្រោះបច្ចុប្បន្នក្រុមហ៊ុនជាច្រើនកំពុងតែខ្វះបុគ្គលិកធ្វើការ។
6. ចំពោះអ្នកប្រឡងធ្លាក់វិញ តើពួកគាត់គួរតែធ្វើអ្វីបន្តទៀតសម្រាប់ជីវិតគាត់?
សម្រាប់ខ្ញុំ ខ្ញុំមិនប្រើពាក្យថាធ្លាក់នោះទេ តែខ្ញុំសូមប្រើពាក្យថា បាននិទ្ទេសទាបជាងគេ។ បើយើងប្រើពាក្យថាធ្លាក់នេះ គឺមានន័យថាមនុស្សក្នុងសង្គមកំពុងតែធ្វើឱ្យគាត់បាក់ទឹកចិត្ត ហើយអាចបោះបង់ក្តីសុបិនរបស់ខ្លួនចោល។ ឆ្លៀតក្នុងឱកាសនេះខ្ញុំចង់ផ្តល់សារទៅកាន់អ្នកដែលបាននិទ្ទេស F ថាក្របខ័ណ្ឌគុណវុឌ្ឍិជាតិមិនបានហាមឃាត់មិនឱ្យសិស្សជាប់និទ្ទេស F មិនអាចចូលរៀនឧត្តមសិក្សានោះទេ ហើយពេលក្រុមហ៊ុនគេជ្រើសរើសមនុស្សធ្វើការងារក៏គេមិនដែលសួរថាធ្លាក់ ឬជាប់បាក់ឌុបដែរ។ ហេតុនេះជីវិត មិនមែនកំណត់លើក្រដាសមួយសន្លឹកនោះទេ តែវាអាស្រ័យលើសមត្ថភាពវិជ្ជាជីវៈដែលយើងមាន ឬជំនាញច្បាស់លាស់សម្រាប់អាជីពការងារ។ ប្អូនៗក៏អាចបន្តការសិក្សារហូតដល់អនុបណ្ឌិត ឬបណ្ឌិតបានដូចគ្នា ហេតុនេះមិនគួរទេដែលត្រូវបាក់ទឹកចិត្ត ហើយបោះបង់ក្តីស្រមៃចោលនោះ។ ផ្លូវដើរនៅមានវែងឆ្ងាយទៀត ហើយកុំខ្វល់ថាជាប់ឬធ្លាក់ យើងអាចទៅមុខបានដូចគ្នា គ្រាន់តែយើងទៅច្រកខុសគ្នាតែប៉ុណ្ណោះ។
មនុស្សគ្រប់គ្នា ទាំងអ្នកជាប់ ទាំងអ្នកធ្លាក់ ទាំងអ្នកនិទ្ទេស A ឬនិទ្ទេស F សុទ្ធតែត្រូវការអាជីពដើម្បីចិញ្ចឹមជីវិតដូចគ្នា ហេតុនេះបេសកកម្មរបស់យើងគឺខិតខំប្រឹងប្រែងបង្កើនសមត្ថភាពជំនាញដើម្បីចិញ្ចឹមជីវិត ហើយយើងទាំងអស់គ្នាមានសិទ្ធិដូចគ្នាក្នុងការប្រកួតប្រជែង ឬធ្វើការងារចិញ្ចឹមជីវិត ដោយគ្មានការហាមឃាត់។ បេសកកម្មរបស់ប្អូនៗ និទ្ទេស F មិនទាន់បញ្ចប់នៅឡើយទេ ប្អូនគួរបន្តការសិក្សាស្រាវជ្រាវ និងពង្រឹងសមត្ថភាពខ្លួនឯងឡើងវិញ ដើម្បីក្លាយជាធនធានដ៏មានតម្លៃនៅថ្ងៃអនាគត៕
អត្ថបទដកស្រង់ចេញពី ឡារ៉ែន