កម្មវិធីទទួលស្គាល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ

សបប.បជ ៖ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩ ការិយាល័យសិក្សា បានដឹកនាំនិស្សិតចំនួន២៧នាក់ ចូលរួមក្នុងកម្មវិធីសិក្ខាសាលាមួយដែលបានរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមប្រធានបទថា «កម្មវិធីទទួលស្គាល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ» ក្រោមការដឹកនាំរបស់លោក លឹម គឹមហេង បុគ្គលិកជំនួយការការិយាល័យសិក្សា ដែលដឹកនាំនិស្សិតចូលរួមកម្មវិធីនោះនៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ។ 
*គោលបំណង៖
•ការបង្ហាញជាសាធារណៈក្នុងការទទួលស្គាល់ជាផ្លូវការនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ
•ការបង្ហាញអំពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា
•ការផ្ទេរចំណេះដឹង បទពិសោធន៍ និង បង្ហាញអំពីឱកាសទាក់ទងនឹងអាជីវកម្ម
*ស្ថានភាពទូទៅ៖
កម្មវិធីសិក្ខាសាលានេះបានប្រារព្ធចាប់ពីម៉ោង០៨ព្រឹក រហូតដល់ម៉ោង១១:៣០នាទីព្រឹក ដែលមានទីតាំងនៅឯសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតេយ្យភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន បវរ គណៈអភិបាល ខេត្តបន្ទាយមានជ័យ, ព្រមទាំងការចូលរួមរបស់ សមាគមនសហគ្រិនវ័យក្មេង, ក្រុម ស.ស.យ.ក សាខាខេត្តបន្ទាយមានជ័យ, អាជីវករ, និស្សិត និង អង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។មុនពេលចាប់ផ្តើមកម្មវិធីសិក្ខាសាលានេះ បុគ្គលិកការិយាល័យសិក្សាបានដឹកនាំនិស្សិតចំនួន២៧នាក់ទៅកាន់ទីតាំងប្រារព្ធខាងលើ រួចចូលទៅកាន់ទីតាំងអង្គុយដែលក្រុមការងារសិក្ខាសាលាបានរៀបចំជូននិស្សិត នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ។ កិច្ចចាប់ផ្តើមកម្មវិធីនោះគឺជាការគោរពភ្លេងជាតិ របស់ព្រះរាជាកម្ពុជា បន្ទាប់មកទៀត សមាគមសហគ្រិនវ័យកម្មកម្ពុជាបានឡើងធ្វើសេចក្តីសុន្ទរកថាអំពីនិយមន័យ ផលប្រយោជន៍ ព្រមទាំងការពណ៌នាបន្ថែមផ្សេងៗមួយចំនួនទៀតអំពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជូនទៅកាន់អង្គសិក្ខាកាមទាំងមូលឲ្យបានជ្រាបផងដែរ។ កិច្ចបន្ទាប់គឺការឡើងថ្លែងសុន្ទរកថារបស់ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ក្នុងការបង្ហាញអំពីចំណាប់អារម្មណ៍របស់លោក ទៅកាន់សិក្ខាសាលា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ឱកាសអាជីវកម្មនៅក្នុងខេត្តបន្ទាយមានជ័យ។ កម្មវិធីសិក្ខានេះ មិនមែនផ្តោតទៅលើតែការថ្លែង សុន្ទរកថា របស់បុគ្គលសំខាន់ៗខាងលើនោះទេ តែលើសពីនេះទៅទៀត កម្មវិធីបន្តរបស់សិក្ខាសាលានេះ គឺជាការរៀបចំជាកម្មវិធីសំណួរចម្លើយទាក់ទងនឹងអាជីវកម្មដែលចោទសួរពីអង្គសិក្ខាកាមទៅកាន់វាគ្មិនរបស់សមាគមសហគ្រិនវ័យក្មេង ក្នុងគោលបំណងផ្ទេរចំណេះដឹង បទពិសោធន៍ និង ការបង្ហាញអំពីឱកាសទាក់ទងនឹងអាជីវកម្ម ទៅកាន់អង្គសិក្ខាកាមទាំងមូលផងដែរ។
*ការសន្និដ្ឋាន៖
បន្ទាប់ពីបានចូលរួមកម្មវិធីសិក្ខាសាលានេះមក អង្គសិក្ខាកាម ឬ អ្នកចូលរួមទាំងមូល បានទទួលបាននូវការចែកចំណេះដឹង បទពិសោធន៍ និង ការបង្ហាញអំពីឱកាសទាក់ទងនឹងអាជីវកម្មជាច្រើន ដូចជា ការអភិវឌ្ឍន៍អាជីវកម្មខ្នាតតូច, ការត្រៀមខ្លួនការពារអាជីវកម្មខ្នាតតូច ពីការវិនិយោគខ្នាតធំរបស់បរទស, លក្ខខណ្ឌក្នុងការក្លាយជាសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ការបង្ហាញពីចាប់យក ឱកាសអាជីវកម្មមួយចំនួនទៀតនៅក្នុងខេត្តបន្ទាយមានជ័យ។