ពិធីបើកបវេសនកាល និងសំណេះសំណាល ការតម្រង់ទិស សម្រាប់និស្សិតជំនាន់ទី១៣

នៅព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៩ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ បានរៀបចំ ពិធីបើកបវេសនកាល និង សំណេះសំណាល ជាមួយនិស្សិត ដែលបានចុះឈ្មោះចូលសិក្សាឆ្នាំទីមួយ ក្នុងកម្រិតការអប់រំឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សាមូលដ្ឋាន និង ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ថ្នាក់បរិញ្ញាបត្ររង នៅ ក្នុងសាខាសាកលវិទ្យាល័យបៀលប្រាយ ជំនាន់ទី១៣ ឆ្នាំសិក្សា ២០១៨-២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការប្រារព្ធពិធីបើកបវេសន កាលនិងជួបជុំសំណេះសំណាល ក៍ដូចជាតម្រង់ទិសជូនដល់និស្សិត។
គោលបំណងៈ 
- អបអរសាទរពិធីបើកបវេសនកាល របស់និស្សិតជំនាន់ទី១៣
- តម្រង់ទិសលើការសិក្សារបស់និស្សិត ឆ្នាំទី១ តាមជំនាញសិក្សានីមួយៗ
- លើកទឹកចិត្តឲ្យនិស្សិត ខិតខំ នឹងប្រឹងប្រែងលើការសិក្សានៃជំនាញរបស់ខ្លួន
ស្ថានភាពទូទៅៈ 
មុនពេលគណៈចាត់តាំងកម្មវិធីបានធ្វើការជួបជុំសមាជិក ទាំងអស់មានរួមមាន សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតជំនាន់ទី១៣ ទាំងអស់បានជួបជុំ បានចុះឈ្មោះស្រង់វត្តមាន និង បានរៀបចំធ្វើពិធីប្រកាសហេតុ រួចមកសមាជិកទាំងអស់ក៍បានក្រោកឈរដើម្បីធ្វើការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចបន្ទាប់ លោក សេម សេង នាយក សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ បានឡើងធ្វើសេចក្តី រាយការណ៍សង្ខេបអំពី ដំណើរការនៃ ការបណ្តុះបណ្តាលការអប់រំ របស់សាកលវិទ្យាល័យ ជូនចំពោះ ឯកឧត្តម អភិបាលរងខេត្ត ជ្រាបជារបាយការណ៍ ដែលក្នុងនោះ លោក នាយកបានធ្វើការសរុបទិន្នន័យ និស្សិតបាន ធ្វើការចុះឈ្មោះចូលសិក្សា នៅឆ្នាំទី១ ឆ្នាំសិក្សា២០១៨-២០១៩ សរុបមានចំនួន ៤៣៦នាក់ ដែលក្នុងនោះមាន បើកដំណើរការសម្រាប់ ១.មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច មានជំនាញ ការគ្រប់គ្រងទូទៅ ជំនាញទីផ្សារ ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ ជំនាញធនាគារនិងហិរញ្ញវត្ថុ , ២.មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មានជំនាញ បច្ចេកវិទ្យាព័ត៌មាន, ៣. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្តនិងភាសា មានជំនាញ ភាសាអង់គ្លេស និង ជំនាញការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស , ៤. មហាវិទ្យាល័យនីតិសាស្រ្តនិង វិទ្យាសាស្រ្តសង្គម មានជំនាញនីតិសាស្រ្ត។ ជាកិច្ចបន្ត គណៈចាត់តាំងកម្មវិធី ក៍បានប្រកាសអញ្ជើញ ឯកឧត្តម អ៊ុំ រាត្រី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីឡើងថ្លែងការណ៍ ធ្វើចំណាប់អារម្មណ៍ ជូនដល់ បុគ្គលិក សាស្រ្តាចារ្យ និង និស្សិតបៀលប្រាយទាំងអស់ ដែលបានចូលរួមក្នុងអង្គពិធី បន្ទាប់មក ឯកឧត្តមបានធ្វើការលើកឡើងអំពី ការបណ្តុះបណ្តាលដែលប្រកបដោយគុណភាព គឺ ត្រូវមានការចូលរួមទាំង បុគ្គលិក និង សាស្រ្តាចារ្យ ដែលបានខិតខំ យកចិត្តទុកដាក់ និង ផ្តល់ការចែករំលែកបទពិសោធន៍ និង ចំណេះដឹងនានា ទៅតាមឯកទេស និងជំនាញរបស់និស្សិត ម៉្យាងវិញទៀត ក៍ត្រូវការជាចាំបាច់នូវការចូលរួម របស់និស្សិតផ្ទាល់ រួម ជាមួយ អាណាព្យាបាលរបស់និស្សិតផងដែរ ព្រោះបើមិនមានការចូលរួមទេ ទោះបីជាភាគីខាងសាកលវិទ្យាល័យ ខិតខំយ៉ាងណា ក៍គ្មានលទ្ធផល ដែលបញ្ជាក់ថាគុណភាពកើតមានចំពោះនិស្សិត ជាពិសេសជាងនេះទៅទៀត គឺនៅពេលដែលនិស្សិត បញ្ជប់ការសិក្សា ហើយស្វែងរកការងារធ្វើ ពេលនោះហើយ ដែលបញ្ជាក់ថានិស្សិត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បី បំពេញតម្រូវការរបស់អង្គភាព បន្ទាប់មកទៀត ឯកឧត្តម ក៍បានសង្កត់ធ្ងន់ទៅលើ កិច្ចការរដ្ឋបាល មួយចំនួនដែលនិស្សិត ត្រូវតែមានការយល់ដឹងបន្ថែម ផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តម ក៍ថ្លែងអំណរគុណ ចំពោះ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ ដែលបានខិតខំ ផ្តល់សេវាកម្មបណ្តុះបណ្តាលនិស្សិត តាំងជំនាន់ទី១ រហូត ដល់ជំនាន់ទី១៣ ដោយផ្តោតលើគុណភាពអប់រំជាអាទិភាព ហើយលោក ក៍សង្ឃឹមថា ប្រទេសកម្ពុជានិងសម្បូរទៅដោយធនធានមនុស្ស ប្រកបដោយគុណភាព និង មានការទទួលខុសត្រូវខ្ពស់នាពេលខាងមុខដើម្បី ជាការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិរបស់យើង។
ការសន្និដ្ឋានៈក្រោយពីបានចូលរួមក្នុងពីធីបើកបវេសនកាលនេះមក បុគ្គលិក សាស្រ្តាចារ្យ និង និស្សិតទាំងអស់ទទួលបាននូវលទ្ធផល តាមរយៈ ការតម្រង់ទិស សម្រាប់ការសិក្សារបស់និស្សិត ក្នុងគោលដៅដើម្បីចូលរួម អភិវឌ្ឍប្រទេសជាតិ ដែលសម្បូរដោយធនធានមនុស្សដែលមានចំណេះដឹងខ្ពស់ ហើយក៍បានយល់ដឹងអំពីទិស ដៅរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និង ពង្រឹងសេវាកម្មនានាដើម្បីប្រជាពលរដ្ឋ ជាចុងបញ្ចប់កម្មវិធីសំណេះ សំណាលនេះបានបញ្ចប់ដោយសេចក្តីសោមនស្សរីករាយ និង ប្រកាសបិទកម្មវិធីនៅវេលាម៉ោង ១១ និង ០០ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល