សម្តេចតេជោ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ទាំង៤ សាខាខេត្ត-រាជធានី រួមមាន៖ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

 

  • និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួន ៩៤២ នាក់ បរិញ្ញាបត្រ ចំនួន ៣.៣៦៤ នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥៥ នាក់ និងថ្នាក់បណ្ឌិត ចំនួន នាក់ សរុបចំនួន ៤.៥៦៦ នាក់ នារី ២.០៣២ នាក់ ដែលបានបញ្ចប់ការសិក្សានៅទីតាំងគោល​រាជធានីភ្នំពេញ ចំនួន ២.៣៤៣នាក់ សាខាខេត្តតាកែវ ចំនួន .០១៣នាក់ សាខាខេត្តស្ទឹងត្រែង ចំនួន ៥៧២នាក់ និង សាខាខេត្តរតនគិរី ចំនួន ៦៣៨នាក់ (ក្នុងនោះនិស្សិតជាជនជាតិដើមភាគតិចចំនួន ៤៦នាក់)។

 

  • ថ្មីៗនេះនិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិតសរុបចំនួន ១១.៤៦០នាក់ ដែលក្នុងនោះនិស្សិតចំនួន ៦.៨៩៤នាក់ ទើបតែបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររួចមកហើយ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល ដែលបានប្រារព្ធធ្វើឡើងនៅសាខាខេត្តសៀមរាបចំនួន ២.៩០៩នាក់  សាខាខេត្តបន្ទាយមានជ័យចំនួន ៦៣៥នាក់  សាខាខេត្តបាត់ដំបង ចំនួន ២.២១៤ នាក់ និង សាខាខេត្តព្រះសីហនុ ចំនួន ១.១៣៦នាក់ 

 

 ​  

  • គិតមកដល់ឆ្នាំសិក្សា ២០២២-២០២៣ នេះ សាកលវិទ្យាល័យបៀលប្រាយ បាននិងកំពុង បណ្តុះបណ្តាលនិស្សិតសរុប ចំនួន ១១២.៤៩៤ នាក់ នារី ៤៣.១៧០ នាក់ ក្នុងនោះ និស្សិតដែលបានបញ្ចប់ការសិក្សា (គិតទាំងនិស្សិតជ័យលាភីទាំង ៤.៥៦៦នាក់ នេះផង) សរុបចំនួន ៨៨.០៩៤នាក់ នារី ៣០.៩៧០ នាក់ និងនិស្សិតកំពុងសិក្សាសរុបចំនួន ២៤.៤០០ នាក់ នារី ១២.២០០ នាក់

បច្ចុប្បន្ន សាកលវិទ្យាល័យ មានទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១ និង សាខាតាមខេត្ត ចំនួន ៨ផ្សេងទៀត រួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តរតនគីរី ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និង ខេត្តត្បូងឃ្មុំ, និងមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និង សាស្រ្តាចារ្យ សរុបចំនួន ១.១៣១ នាក់ ( នារី ២០០ នាក់ )។ 

 

ក្នុងរយៈពេលជាង ២២ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបៀលប្រាយ បាន និងកំពុងបន្តបំពេញបេសកកម្ម ក្នុងការពង្រីកវិសាលភាពនៃសេវាអប់រំឧត្តមសិក្សា ឲ្យបានទូលំទូលាយដល់អ្នកសិក្សាស្រាវជ្រាវគ្រប់កម្រិតទាំងអស់ ជាពិសេសនៅតាមសាខារាជធានីខេត្តដូចបានគោរពជម្រាបជូនខាងលើ ដោយយកចិត្តទុកដាក់ជាអាទិភាព ទៅលើការពង្រឹងគុណភាពនៃការបណ្តុះ  បណ្តាល សិក្សាស្រាវជ្រាវ ដើម្បីធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិត ត្រូវតែមានចំណេះដឹង គុណភាព សមត្ថភាព ជំនាញ និង គំនិតច្នៃប្រឌិត ប្រកប​ដោយការត្រិះរិះពិចារណា, និង មានភាពជាអ្នកដឹកនាំ ដែលអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត​ ប្រកបដោយឥរិយាបថល្អប្រពៃ។ កន្លងមកនេះ បើទោះបីជាសាកលវិទ្យាល័យបានប្រឈមនឹងស្ថាន ការណ៍រាតត្បាតជំងឺកូវីដ-១៩ ក្រុមប្រឹក្សាភិបាល ក៏ដូចជា គណៈគ្រប់គ្រងសាកលវិទ្យាល័យ បាន ពង្រីកវិសាលភាពបច្ចេកវិទ្យាបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិក យ៉ាងទូលំទូលាយក្នុងទិសដៅ ឱ្យសាស្រ្តាចារ្យនិងនិស្សិតទាំងអស់ នៅតែបន្តការបង្រៀននិងរៀនតាមពេលវេលា និង កម្មវិធីសិក្សានីមួយៗដោយមិនមានការអាក់ខាននិងរាំងស្ទះឡើយ។