Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
របាយការណ៍សង្ខេប របស់លោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ ស្ដីពីសកម្មភាពបណ្ដុះបណ្ដាល
ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិតថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី
នៃព្រះរាជាណា ចក្រកម្ពុជា និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត
ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១២

  • - សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !
  • - ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្ដិយស ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
  • - គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង និស្សិតទាំងអស់ ជាទីមេត្រី !

ថ្ងៃនេះ គឺជាទិវាដ៏មហោឡារិក ដែល សាកលវិទ្យាល័យ បៀលប្រាយ មានកិត្ដិយស ដ៏ខ្ពង់ខ្ពស់ បាន ទទួលធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ចំពោះ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ដែលបាន ផ្ដល់កិត្ដិយសអញ្ជើញចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់ និស្សិតថ្នាក់ បរិញ្ញាបត្ររងជំនាន់ទី៧-ទី៨, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៧-ទី៨, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៦-ទី៧-ទី៨-ទី៩ និង ថ្នាក់បណ្ឌិត ជំនាន់ទី៣ នៃសាកលវិទ្យាល័យ បៀលប្រាយ សរុបចំនួន ៥.៥៥៩នាក់ ( នារី ១.៦៥៨នាក់ ) ដែលបានបញ្ចប់ការសិក្សាជាស្ថាពរ ក្នុងឆ្នាំសិក្សា២០០៧-២០០៨, ឆ្នាំសិក្សា ២០០៨-២០០៩, ឆ្នាំសិក្សា២០០៩-២០១០, ឆ្នាំសិក្សា២០១០-២០១១, និង ឆ្នាំសិក្សា២០១១-២០១២។

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង និសិ្សតទាំងអស់ នៃសាកលវិទ្យាល័យ បៀលប្រាយ ខ្ញុំបាទសូមសម្ដែងនូវអំណរគុណជាអនេកប្បការ ប្រកបដោយ កត្ដញ្ញូតាធម៌ ដ៏ថ្លៃថ្លាបំផុត ចំពោះវត្ដមានដ៏វិសេសវិសាលជា លើកទី៤ របស់សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ដែលបានឆ្លៀតឱកាសដ៏មមាញឹក និង មានតម្លៃអញ្ជើញមកលើកទឹកចិត្តដល់ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា ក្នុងពិធីដ៏មានសារសំខាន់នេះ។

ជាការពិត ឆ្លងកាត់រយៈពេល ១២ឆ្នាំ កន្លងមកនេះសាកលវិទ្យាល័យបៀលប្រាយ បាននិង កំពុង បណ្ដុះបណ្ដាលធនធានមនុស្ស ស្របតាមចក្ខុវិស័យ និង ផែនការជាយុទ្ធសាស្ដ្ររបស់ខ្លួនក្នុងគោលដៅពង្រឹង ឱ្យស្របតាមគោលនយោបាយនៃផែនការយុទ្ធសាស្ដ្រវិស័យអប់រំ របស់ក្រសួង អប់រំ យុវជន និង កីឡា ពិសេស ការធានានូវលទ្ធភាពទទួលបានសេវាអប់រំ ប្រកបដោយគុណភាព និង សមធម៌ ក្នុងនោះគឺបានពង្រីកវិសាលភាព នៃការផ្ដល់សេវាសិក្សាអប់រំ កម្រិតបរិញ្ញាបត្រ និង កម្រិតក្រោយបរិញ្ញាបត្រ លើវិស័យ និង ជំនាញជាច្រើន រួមមាន វិស័យវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ដ្រសង្គម មនុស្សសាស្ដ្រនិងភាសា និង វិស្វកម្មនិងស្ថាបត្យកម្ម ចាប់ពីទីប្រជុំជន រហូតដល់តំបន់ដាច់ស្រយាល ដែលអ្នកសិក្សាភាគច្រើន មិនអាចមានលទ្ធភាពមកសិក្សា នៅរាជធានី ភ្នំពេញបាន ពិសេស អ្នករស់នៅតាមតំបន់ដងទន្លេមេគង្គ តំបន់ជុំវិញបឹងទន្លេសាប និង តំបន់ឆ្នេរសមុទ្រ រួមមាន ខេត្ដរតនគិរី ខេត្ដស្ទឹងត្រែង ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង ខេត្ដសៀមរាប ខេត្ដតាកែវ និង ខេត្ដព្រះសីហនុ។ បច្ចុប្បន្ននិស្សិតជាង ៥៩% នៃចំនួននិស្សិតសរុបទាំងអស់ កំពុងទទួល ការបណ្ដុះបណ្ដាលនៅតាមទីតាំងសាខាខេត្ដ ដូចបានគោរពជម្រាបជូនខាងលើនេះ។

គិតមកដល់ឆ្នាំសិក្សា២០១១-២០១២ នេះ និស្សិតគ្រប់កម្រិតដែលបានបញ្ចប់ការសិក្សាពី សាកល វិទ្យាល័យ បៀលប្រាយ សរុបចំនួន ៣០.០៩០នាក់ ( នារី ៨.៩៨៣នាក់ ) និង និស្សិតគ្រប់ កម្រិតកំពុងសិក្សា សរុបចំនួន ២៥.៦២៦នាក់ ( នារី ៧.៥៩៨នាក់ )។ ក្នុងចំណោមនិស្សិតកំពុង សិក្សានេះ គឺមាននិស្សិតបរទេស ចំនួន ១៤នាក់ ( នារី ៤នាក់ ) ក្នុងនោះ ជនជាតិវៀតណាម ៤នាក់ ( នារី ២នាក់ ) សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងធុរកិច្ច ៣នាក់ និង ថ្នាក់បណ្ឌិត ជំនាញ វិទ្យាសាស្ដ្រនយោបាយ ១នាក់, ជនជាតិជប៉ុន ២នាក់ ( នារី ១នាក់ ) បុរសសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញអប់រំ និង នារីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ, ជនជាតិចិន ២នាក់ ជាបុរស សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងធុរកិច្ច និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរកិច្ច, ជនជាតិនីហ្សេរីយ៉ា ១នាក់ ជាបុរស សិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរកិច្ច, ជនជាតិអារ៉ាប់ ១នាក់ ជាបុរស សិក្សាថ្នាក់បណ្ឌិត ជំនាញនីតិសាស្ដ្រ, និង ជនជាតិ កូរ៉េ ១នាក់ ជាបុរស សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងធុរកិច្ច, ជនជាតិហ្វីលីពីន ៣នាក់ ( នារី ១នាក់ ) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរកិច្ច។ ក្នុងចំនួននិស្សិតបរទេសទាំង ១៤ នាក់នេះ សិក្សានៅទីតាំងគោលរាជធានីភ្នំពេញ ១០ នាក់ ( នារី ២នាក់ ), សិក្សានៅសាខាខេត្ដ តាកែវ ១នាក់ ជានារី, និង សិក្សានៅសាខាខេត្ដសៀមរាប ៣ នាក់ ( នារី ១នាក់ )។

បច្ចុប្បន្ននេះដែរ សាកលវិទ្យាល័យ បៀលប្រាយ មានគណៈគ្រប់គ្រង បុគ្គលិក និង សាស្ដ្រាចារ្យ សរុបចំនួន ១.២៨៤ នាក់ ( នារី ២០១នាក់ ) ក្នុងនោះ កម្រិតសញ្ញាបត្របរិញ្ញាបត្រ ចំនួន ២៥៦នាក់, បរិញ្ញាបត្រ ជាន់ខ្ពស់ ៥៧៧ នាក់ និង បណ្ឌិត ចំនួន ៤៤ នាក់។ ដោយបន្ដអនុវត្ដតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និង កីឡា និង គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ពិសេសគោលការណ៍នៃ ផែនការយុទ្ធសាស្ដ្រ វិស័យអប់រំ ឆ្នាំ២០០៩-២០១៣ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្ពោះទៅសម្រេចគោលដៅនៃការអប់រំ សម្រាប់ទាំងអស់គ្នា នៅឆ្នាំ២០១៥ នោះ ភារកិច្ច ចម្បងរបស់សាកលវិទ្យាល័យ គឺយកចិត្ដទុកដាក់ជាអាទិភាព ទៅលើការលើកកម្ពស់គុណភាពនៃ ការបណ្ដុះបណ្ដាល ការធានាផ្ដល់ចំណេះដឹងជំនាញ និង សីលធម៌ ដែលប្រែក្លាយនិសិ្សតឱ្យទៅជា មូលធនមនុស្ស មានគុណសម្បត្ដិប្រកួតប្រជែងកម្រិតខ្ពស់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និង សង្គម ក្នុងក្របខ័ណ្ឌជាតិ តំបន់ និង សកលលោកតាមរយៈការបន្ដលើយន្ដការវាយ តម្លៃគុណភាពផ្ទៃក្នុង ការស្រាវជ្រាវអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗទាំងកម្រិតបរិញ្ញាបត្រនិងក្រោយបរិញ្ញាបត្រ ការធ្វើ កំណែទម្រង់រចនាសម្ព័ន្ធអភិបាលកិច្ចនិងការគ្រប់គ្រង ការបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ សមត្ថភាពបុគ្គលិក គ្រប់គ្រងរដ្ឋបាល និង សាស្រ្តាចារ្យគ្រប់កម្រិត ការវិនិយោគលើការអភិវឌ្ឍសម្ភាររូបវន្ដ័ និង ឧបករណ៍ ប្រើប្រាស់ ផ្សេងៗ ដែលបម្រើឱ្យសកម្មភាពបណ្ដុះបណ្ដាល និង សិក្សា ស្រាវជ្រាវ ទាំងក្នុងនិងក្រៅសាកលវិទ្យាល័យ ការផ្ដល់អាហារូបកណ៍ដល់និស្សិតក្រីក្រ ដែលគ្មាន លទ្ធភាពបង់ថ្លៃសិក្សាជាដើម។ លើមូលដ្ឋាននេះ ដើម្បីពង្រឹង ជាអាទិភាពលលើគុណភាពបណ្តុះបណ្តាល នោះ សាកលវិទ្យាល័យ បៀលប្រាយ បានធ្វើកិច្ច សហប្រតិបត្ដិការ ជាអន្ដរជាតិសំខាន់ៗ រួមមាន ៖

- កម្មវិធីបណ្ដុះបណ្ដាលរួមគ្នាលើវិស័យបច្ចេកវិទ្យាព័ត៌មានជាមួយសាកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។

- ទំនាក់ទំនងសហប្រតិបត្ដិការលើសកម្មភាពស្រាវជ្រាវ ទំនាក់ទំនងព័ត៌មាន សិក្ខាសាលា សន្និសីទ ទស្សនកិច្ច ការងារ ការសិក្សា សកម្មភាពវប្បធម៌ និង កីឡា ជាមួយគ្រឹះស្ថានឧត្ដមសិក្សា អន្ដរជាតិជាច្រើន ដូចជា សាកលវិទ្យាល័យ Kasem Bundit ប្រទេសថៃ, សាកលវិទ្យាល័យ Yunnan University of Finance and Economics ប្រទេសចិន, សាកលវិទ្យាល័យ Champasack ប្រទេសឡាវ, សាកលវិទ្យាល័យ Norng Lam ប្រទេសវៀតណាម, សាកលវិទ្យាល័យ Surindra Rajabhat ប្រទេសថៃ, សាកលវិទ្យាល័យ King Mongkut's University of Technology Thunburi ប្រទេសថៃ, Asian College of Science and Technology ប្រទេសហ្វីលីពីន, សាកលវិទ្យាល័យ Southern Cross ប្រទេសអូស្ដ្រាលី និង សាកលវិទ្យាល័យ KonKuk ប្រទេសកូរ៉េ។

- ជាសមាជិកសមាគមគ្រឹះស្ថានឧត្ដមសិក្សាអន្ដរជាតិជាច្រើន រួមមាន សមាគម ASAIHL ( Association of Southeast Asian Institutions for HigherLearning), UMAP ( University Mobility in Asia and Pacific ) APQN ( Asia Pacific Quality Network ) និង Asia Engage ក្នុងការទំនាក់ទំនងសហ ប្រតិបត្ដិការលើ សកម្មភាព បណ្ដុះបណ្ដាល ស្រាវជ្រាវអភិវឌ្ឍន៍ និង ធានា គុណភាពអប់រំកម្រិតឧត្ដមសិក្សា។

- ស្ថានទូតសហរដ្ឋអាមេរិក បានឧបត្ថម្ភមូលនិធិតាមរយៈអង្គការ Care International ចាប់ពី ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ និង ចាប់ពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ន បានឧបត្ថម្ភមូលនិធិដោយផ្ទាល់លើគម្រោង បណ្ដុះបណ្ដាល ជនជាតិដើមភាគតិច នៅខេត្ដរតនគិរី។

- គម្រោងស្រាវជ្រាវ និង អភិវឌ្ឍន៍ ស្ដីពីពលកម្មលើកុមារ នៅតាមបណ្ដាខេត្ដនានា ចាប់ពី ឆ្នាំ២០០៧-បច្ចុប្បន្ន ដែលផ្ដល់មូលនិធិដោយអង្គការ ILO សហការជាមួយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។

- សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
- អង្គពិធីទាំងមូល ជាទីគោរព និង ជាទីមេត្រី !

ចំពោះនិស្សិតជ័យលាភី ត្រូវទទួល " សញ្ញាបត្រ " ដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត សរុបចំនួន ៥.៥៥៩នាក់ នេះ បើតាមលទ្ធផលនៃការស្ទង់មតិកន្លងមក បានបង្ហាញថា ៨១% កំពុងបំពេញការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ និង ឯកជន ក្នុងនោះ ២៧% មានអាជីវកម្មផ្ទាល់ខ្លួន។ ក្នុងចំណោមនិស្សិតទាំងនេះ គឺមានឱកាសទទួលបាន ការងារធ្វើ និង ប្រាក់ខែ ទៅតាមកម្រិត ដូចជា ៖

- កម្រិតថ្នាក់បរិញ្ញាបត្ររង និង ថ្នាក់បរិញ្ញាបត្រ មាន ៤៩% បំពេញការងារជាបុគ្គលិក ២០,៥% ក្នុងតួនាទី ជាប្រធាន-អនុប្រធានផ្នែក និង ២,៥% ក្នុងតួនាទីជាប្រធាន-អនុប្រធានគ្រប់គ្រងទូទៅ ក្នុងនោះ ចំនួន ៥៧,២% បានទទួលប្រាក់ខែក្នុងចន្លោះពី ២០០ដុល្លារ ទៅ ៣៥០ដុល្លារ, ចំនួន ៨,៨% បានទទួលប្រាក់ខែក្នុងចន្លោះពី ៣៥១ដុល្លារ ទៅ ៥០០ដុល្លារ, ចំនួន ២,៩% បានទទួលប្រាក់ខែក្នុងចន្លោះ ពី ៥០១ដុល្លារ ទៅ ១.០០០ដុល្លារ, និង ១,២% បានទទួលប្រាក់ខែលើសពី ១.០០០ដុល្លារ។

- កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ២៧,៣% បំពេញការងារជាបុគ្គលិក ៤៩,៦% ក្នុងតួនាទីជាប្រធាន-អនុប្រធានផ្នែក និង ១១,២% ក្នុងតួនាទីជាប្រធាន-អនុប្រធានគ្រប់គ្រងទូទៅ ក្នុងនោះចំនួន ២៤,៥% បានទទួលប្រាក់ខែក្នុងចន្លោះពី ២០០ដុល្លារ ទៅ ៣៥០ដុល្លារ, ចំនួន ៩,៨% បានទទួលប្រាក់ខែក្នុងចន្លោះពី ៣៥១ដុល្លារ ទៅ ៥០០ដុល្លារ, ចំនួន ២៤,៥% បានទទួលប្រាក់ខែក្នុងចន្លោះ ពី ៥០១ដុល្លារ ទៅ ១.០០០ដុល្លារ, និង ១៤,៧% បានទទួលប្រាក់ខែលើសពី ១.០០០ដុល្លារ។

សមិទ្ធផលដែលសាកលវិទ្យាល័យបៀលប្រាយ សម្រេចបានដូចគោរពជម្រាបជូនដោយ សង្ខេបខាង លើនេះ គឺបានមកដោយសារការខិតខំប្រឹងប្រែងរួមគ្នា របស់គណៈគ្រប់គ្រង បុគ្គលិក និង សាស្ដ្រាចារ្យ ដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់សប្បុរសជននានា អាណាព្យាបាល និស្សិត អង្គភាព-ស្ថាប័ននានា និង អាជ្ញាធរមូលដ្ឋាន។ ពិសេសជាងនេះទៅទៀត លទ្ធផលជាវិជ្ជមាននេះ គឺពិតជាបានមកពីការជួយជ្រោមជ្រែង ចង្អុលបង្ហាញយ៉ាងយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ និង ការគាំទ្រដ៏ឧត្ដុង្គឧត្ដមបំផុត របស់សម្ដេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត។ ក្នុងន័យនេះ ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង បុគ្គ-លិក សាស្ដ្រាចារ្យ និង និសិ្សតទាំងអស់ នៃសាកលវិទ្យាល័យ បៀលប្រាយ សូមគោរពគាំទ្រយ៉ាងពេញទំហឹង និង សូមឱ្យ សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត នៅតែបន្ដតួនាទីជាមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃការកសាងសន្ដិភាព ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង ការធ្វើ សមាហរណ កម្មជាតិ តំបន់ និង សាកលលោក ពិសេសគឺការដឹកនាំដំណើរឆ្ពោះ ទៅបង្កើតសហគមន៍ អាស៊ានតែមួយ នាឆ្នាំ២០១៥ ខាងមុខនេះ។ ដូចគ្នានេះដែរ ខ្ញុំបាទ យើងខ្ញុំទំាងអស់គ្នា បានមើលឃើញ យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងគោលនយោបាយ តែមួយគត់ ក្នុងការបង្រួបបង្រួម និង ផ្សះផ្សារជាតិ។ តាមរយៈកត្តាដ៏សំខាន់នេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា គោល នយោបាយ កម្មវិធីនយោបាយ និង គំរូវីរភាពដឹកនាំដ៏អង់អាច ក្លាហានរបស់ឥស្សរជននយោបាយ នៃរាជរដ្ឋា ភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានត្រួសត្រាយ ផ្លូវដ៏លំបាកបំផុត ក្នុងការធ្វើឲ្យប្រទេសជាតិមួយដែលធ្លាប់ជួបប្រទះសង្គ្រាមរាំរ៉ៃ ជម្លោះផ្ទៃក្នុង និង ការបំផ្លិច បំផ្លាញដល់ឬសគល់ នៃរបបកម្ពុជាប្រជាធិបតេយ្យ ឲ្យក្លាយទៅជាកម្ពុជាថ្មីមួយ ដែលមានសុខសន្តិភាពពេញលេញ ការ ឯកភាពជាតិ ឯកភាពទឹកដី និង ធ្វើឲ្យប្រជាជនរស់នៅ ប្រកបដោយសុភមង្គល និង សេចក្តីថ្លៃថ្នូរ ដែល ទាំងនេះ គឺបានធ្វើឲ្យកិត្យានុភាពជាតិរឹតតែមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។

ជាទីបញ្ចប់ ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង និស្សិត ទាំងអស់នៃសាកលវិទ្យាល័យបៀលប្រាយ ខ្ញុំបាទសូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយសេចក្ដីសុខ ចម្រើនជានិច្ចនិរន្ដរ៍ និង ជ័យជំនះគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។

សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្ដិយស ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង និស្សិតជ័យលាភីទាំងអស់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។